វៀតណាមអំពាវនាវឱ្យទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុបកាន់តែរឹងមាំ

0

បរទេស៖ អ្នកការទូតវៀតណាមមួយរូបបាននិយាយថា ប្រទេសវៀតណាមមានឆន្ទៈចែករំលែកបទពិសោធន៍របស់ខ្លួន ក៏ដូចជាធ្វើការងារយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសដទៃទៀតជាសមាជិកអាស៊ាន ដើម្បីបន្តលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន-សហភាពអឺរ៉ុប។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសប៊ែលហ្ស៊ិក លោក ង្វៀន វ៉ាន់ថៅ (Nguyen Van Thao) ដែលជាប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅសហភាពអឺរ៉ុប (EU) ផងដែរនោះ បានថ្លែងសន្ទរកថានៅក្នុងសិក្ខាសាលាមួយដើម្បីពិនិត្យមើលឡើងវិញនូវទំនាក់ទំនងរវាងអាស៊ាន និង EU ក្នុងរយៈពេលបួនទសវត្សរ៍ចុងក្រោយនេះ ដែលបានធ្វើឡើងនៅទីក្រុងព្រុចស៊ែលកាលពីថ្ងៃទី២១ ខែមីនា។

ថ្លែងក្នុងនាមអាស៊ាននៅក្នុងកិច្ចពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម លោក ថៅ បានលើកឡើងពីសក្តានុពលដ៏ធំធេងសម្រាប់ភាគីទាំងពីរក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀត ដែលលោកចាត់ទុកថាវាជាកត្តាជំរុញនៃទំនាក់ទំនងរវាងអាស៊ាន-សហភាពអឺរ៉ុប។

យោងតាមអ្នកការទូតរូបនេះបានឱ្យដឹងថា បច្ចុប្បន្ននេះ ភាគីទាំងពីរគឺជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទីបីរបស់គ្នាទៅវិញទៅមក។ ពួកគេមានការបំពេញបន្ថែមគ្នាទៅវិញទៅមកនៅក្នុងផលិតផលនាំចេញសំខាន់ៗ ហើយក្នុងពេលជាមួយគ្នានោះក៏មានតម្រូវការ និងគោលនយោបាយដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។ សហភាពអឺរ៉ុបក៏ជាវិនិយោគិនបរទេសធំជាងគេលំដាប់ទីពីរក្នុងតំបន់អាស៊ាន ដែលមានទឹកប្រាក់វិនិយោគជាង ៣៨០ប៊ីលានអឺរ៉ូនៅក្នុងតំបន់អាស៊ានគិតត្រឹមឆ្នាំ២០២១។

លោកបានស្នើឡើងថា ភាគីទាំងពីរគួរតែបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដោយឈរលើមូលដ្ឋាននៃ FTA ទ្វេភាគីដែល EU បានចុះហត្ថលេខាជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ដែលរួមមានទាំងប្រទេសវៀតណាមផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន