បុរសចំណាស់ម្នាក់សម្រេចចិត្តបញ្ចប់ជីវិត ដោយសារតែ

0

ព្រៃវែង ៖ នៅ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង ៨​និង​៣០​នាទី កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មេ​សាង បាន​ចុះ​អន្តរាគមន៍​ពិនិត្យ​សាកសព និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ករណី​អត្តឃាត ដោយ​ចងក​សម្លាប់​ខ្លួន នៅ​លើ​ដើម​ខ្វិត​ក្រោយ​ផ្ទះ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា សព​មានឈ្មោះ ឡុ​ង សឹម ភេទ​ប្រុស អាយុ ៦២​ឆ្នាំ រស់នៅ​ភូមិ​ភ្នៀ​ត ឃុំ​ស្វាយ​ជ្រុំ ស្រុក​មេ​សាង ខេត្តព្រៃវែង បាន​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួនឯង នៅ​ចំណុច​មែក​ដើម​ខ្វិត ក្នុងភូមិ​ចាស់​ខាងក្រោយ​ផ្ទះ​របស់​សាកសព ។

ក្រោយ​ធ្វើការ​ពិនិត្យ​យ៉ាង​ហ្មត់ចត់ នៅ​កន្លែង​កើតហេតុ កម្លាំង​នគរបាល​ប្រទះ​ឃើញ​សព បាន​ចងក​ព្យួរ​នឹង​មែក​ដើម​ខ្វិត ស្ថិត​ក្នុងភូមិ​ចាស់ ខាងក្រោយ​ផ្ទះ​របស់​សាកសព​ចម្ងាយ ៣០​ម៉ែត្រ ដោយ​សាកសព​ពាក់​អាវយឺត​ដៃខ្លី ពណ៌​ទឹកក្រូច ស្លៀក​ខោខ្លី ពណ៌​ខ្មៅ នៅ​លើ​រាង​កាយ​ខ្លួនប្រាណ​សាកសព មាន​ស្នាម​ជាំ​ត្រង់​ក ដោយសារ​រឹត​ដោយ​ខ្សែពួរ​ពណ៌​ស ប្រវែង ១,៥០​ម៉ែត្រ ដែល​សាកសព​យក​ចង​នឹង​ក​ជាមួយ​មែក​ដើម​ខ្វិត​ចម្ងាយ ៣០​ម៉ែត្រ​ពី​ផ្ទះ កម្ពស់ ៤,៥០​ម៉ែត្រ ពី​ដី និង​មាន​ទឹកកាម​ជាប់​ជាមួយ​ខោ​។

តាម​ការ​បំភ្លឺ​របស់​ប្រពន្ធ​សព​ឈ្មោះ នាង អេ​ង អាយុ ៦០ ឆ្នាំ បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា ប្តី​របស់​ខ្លួន​មាន​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺរបេង​ធ្ងន់ធ្ងរ ទៅ​ពេទ្យ​ព្យាបាល​មិនជា និង​បាន​ជំពាក់​លុយ​គេ​ច្រើន គ្មាន​លុយ​យក​ទៅ​មើលជំងឺ ប្ដី​របស់​ខ្លួ​ចេះ​តែ​និយាយ​ថា ចង់ទៅ​ចងក សម្លាប់​ខ្លួន លុះដល់​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល ៦​និង​៣០​នាទី ខ្លួន​ភ្ញាក់ពីដេក បាត់​ប្ដី​មិនឃើញ ក៏​ដើរ​រក រហូត​ដល់​ម៉ោង​ប្រហែល ៨​និង​៣០​នាទី ក៏​ប្រទះ​ឃើញ​ប្ដី​របស់​ខ្លួន​ចងក​នឹង​មែក​ដើម​ខ្វិត ក្នុងភូមិ​ចាស់​ខាងក្រោយ​ផ្ទះ​ស្លាប់​បាត់​ហើយ ។

បន្ទាប់​ពី​ធ្វើការ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​លោកគ្រូ​ពេទ្យ និង​ផ្អែក​តាម​ការ​បំភ្លឺ​របស់​ប្រពន្ធ សាកសព​ពិតជា​ស្លាប់ ដោយសារ​ចងក​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន មិន​ពាក់ព័ន្ធ​បទល្មើស​អ្វី​ឡើយ ។ ក្រោយ​ពិនិត្យ​រួច សព​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ អគ្កស្នងការដ្ឋាននគរបាលជាតិ