បរទេស៖ ប្រធានាធិបតីសិង្ហបុរី លោកស្រី ហាលីម៉ាហ៍ យ៉ាកូប (Halimah Yacob) បានជួបជាមួយព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី ព្រះអង្គម្ចាស់ អាល់-ស៊ុលតង់ អាប់ឌុលឡាហ៍ រីអាយ៉ាធុដឌីន អាល់-មូស្តាហ្វា ប៊ីលឡាហ៍ សាហ៍ (Al-Sultan Abdullah Ri’ayatuddin Al-Mustafa Billah Shah) កាលពីថ្ងៃទី២១ ខែមីនា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកស្រីទៅកាន់ប្រទេសម៉ាឡេស៊ី។
លោកស្រីប្រធានាធិបតី យ៉ាកូប បានអះអាងសារជាថ្មីអំពីទំនាក់ទំនងរបស់ប្រទេសទាំងពីរដែលបានកសាងឡើងដោយទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដ៏កក់ក្តៅនៅគ្រប់កម្រិតទាំងអស់។
ថ្លែងទៅកាន់នាយករដ្ឋមន្ត្រីនៃប្រទេសជាម្ចាស់ផ្ទះ លោក អាន់វ៉ារ អ៊ីប្រាហ៊ីម (Anwar Ibrahim) មេដឹកនាំសិង្ហបុរីរូបនេះបានសម្តែងការជឿជាក់ថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី អាន់វ៉ារ កិច្ចសហប្រតិបត្តិការទ្វេភាគីនឹងត្រូវបានពង្រឹងលើគ្រប់វិស័យ និងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងក្រុមហ៊ុនអាជីវកម្មរបស់ប្រទេសទាំងពីរ៕
ប្រភព៖ ក្រសួងព័ត៌មាន