អ្នកស្រុកនៅលើកោះមីនដូរ៉ូ រងផលប៉ះពាល់យ៉ាងខ្លាំងពីការធ្លាយប្រេងដ៏ច្រើនពីកប៉ាល់ដឹកប្រេង

0

បរទេស៖ អ្នកស្រុកនៅលើកោះមីនដូរ៉ូ (Mindoro) នៅភាគខាងលិចប្រទេសហ្វីលីពីននៅតែរងផលប៉ះពាល់ដោយសារការធ្លាយប្រេងដ៏ច្រើនពីកប៉ាល់ដឹកប្រេងដែលបានលិច ខណៈដែលអ្នកឆ្លើយតបរបស់រដ្ឋាភិបាល និងវិស័យឯកជនកំពុងព្យាយាមកំណត់ទំហំនៃការខូចខាតដល់ជីវភាពរស់នៅ និងធនធានសមុទ្រ។

រដ្ឋាភិបាលហ្វីលីពីនបានហាមប្រាមចំពោះការនេសាទ ដែលជាប្រភពចំណូលសំខាន់របស់អ្នកកោះនោះ និងបានរារាំងពួកគេមិនឱ្យធ្វើដំណើរចូលទៅសមុទ្រចាប់តាំងពីនាវា Princess Empress ដែលដឹកប្រេងឧស្សាហកម្មចំនួន ៨០០.០០០លីត្រជួបប្រទះបញ្ហាម៉ាស៊ីន និងបានលិចកាលពីថ្ងៃទី២៨ ខែកុម្ភៈ។

អាជ្ញាធរបាននិយាយថា ការកំពប់ប្រេងបានរាលដាលទៅដល់តំបន់ឆ្នេរក្នុងខេត្តភាគខាងលិចប្រទេសហ្វីលីពីនយ៉ាងតិចចំនួនបី ដែលប៉ះពាល់ដល់ប្រជាជនជាង ១០០.០០០នាក់។

លោកស្រី ជែននីហ្វើរ គ្រូហ្ស (Jennifer Cruz) អភិបាលក្រុងប៉ូឡា (Pola) ជាទីក្រុងដែលពាក់កណ្តាលនៃទីក្រុងឆ្នេរសមុទ្របានបង្ហាញដាននៃការកំពង់ប្រេងនោះបាននិយាយថា ការហាមប្រាមចំពោះការនេសាទអាចនៅតែមានសុពលភាពដរាបណានាវាដែលលិចនោះត្រូវបានយកចេញ។ រដ្ឋាភិបាលបានចាប់ផ្តើមបើកប្រាក់ឱ្យប្រជាពលរដ្ឋក្នុងទីក្រុងនោះចំនួន ៦ដុល្លារអាម៉េរិកក្នុងមួយថ្ងៃដើម្បីដួសយកប្រេង និងដំឡើងរបងការពារ ខណៈប្រេងដែលកំពប់នោះកំពុងតែគំរាមកំហែងដល់ព្រៃកោងកាង។

សហគមន៍អន្តរជាតិបានរួមដៃគ្នាក្នុងការជួយប្រទេសហ្វីលីពីនក្នុងការដោះស្រាយឧប្បត្តិហេតុនេះ។ ប្រទេសជប៉ុនបានបញ្ជូនក្រុមអ្នកឆ្លើយតបគ្រោះមហន្តរាយប្រេងដើម្បីជួយប្រទេសហ្វីលីពីនទប់ទល់នឹងការធ្លាយប្រេងនោះ។ កាលពីថ្ងៃទី១៣ ខែមីនា រដ្ឋាភិបាលជប៉ុនបានប្រគល់អន្ទាក់ប្រេង ធុងប្រេង និងឧបករណ៍ការពាររាប់សិបគ្រឿងដល់ប្រទេសហ្វីលីពីន៕

ប្រភព៖ ក្រសួងព័ត៌មាន