កូរ៉េខាងត្បូង និងប៉ូឡូញបានជួបពិភាក្សាគ្នាទៅលើវិស័យការពារជាតិ និងថាមពលនុយក្លេអ៊ែរ

0

បរទេស៖ ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបាននិយាយថា អ្នកការទូតកំពូលនៃប្រទេសកូរ៉េខាងត្បូង និងប៉ូឡូញបានជួបពិភាក្សាគ្នានៅទីក្រុងសេអ៊ូលកាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរក្នុងវិស័យការពារជាតិ និងថាមពលនុយក្លេអ៊ែរ ក៏ដូចជាស្ថានភាពភូមិសាស្ត្រនយោបាយសំខាន់ៗ រួមទាំងជម្លោះនៅអ៊ុយក្រែនផងដែរ។

ក្រសួងបាននិយាយថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ផាក ជីន (Park Jin) និងសមភាគីប៉ូឡូញ លោក ប៊ីកនីវ រ៉ូ (Zbigniew Rau) បានសរសើរអំពីសមិទ្ធិផលក្នុងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ចាប់តាំងពីកិច្ចប្រជុំកំពូលរបស់មេដឹកនាំប្រទេសទាំងពីរកាលពីឆ្នាំមុន ហើយបានព្រមព្រៀងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តវិធានការតាមដាន។

លោក រ៉ូ បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីរបស់ប្រទេសទាំងពីរ គឺជាចំណុចសំខាន់ថ្មីមួយក្នុងទំនាក់ទំនងទ្វេភាគី។

កិច្ចប្រជុំនេះធ្វើឡើងនៅពេលដែលទីក្រុងវ៉ារស្សាវបាននិងកំពុងជំរុញភាពជាដៃគូឧស្សាហកម្មការពារជាតិរបស់ខ្លួនជាមួយទីក្រុងសេអ៊ូល ស្របតាមកិច្ចខិតខំប្រឹងប្រែងទិញអាវុធ ជាពិសេសចំពេលដែលកំពុងមានការព្រួយបារម្ភផ្នែកសន្តិសុខបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។

ភាគីទាំងពីរក៏បានសម្តែងនូវភាពចាំបាច់ក្នុងការស្តារឡើងវិញនូវសន្តិភាពនៅអ៊ុយក្រែន ហើយបានព្រមព្រៀងសហការគ្នាយ៉ាងសកម្មសម្រាប់ការកសាង និងស្តារឡើងវិញនូវប្រទេសអ៊ុយក្រែននាពេលខាងមុខនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន