បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីអារ៉ាប៊ីសាអូឌីត លោក ហ្វៃសាល់ ប៊ីន ហ្វារហាន់ អាល់ សាអូ (Faisal Bin Farhan Al Saud) កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី និងអារ៉ាប៊ីសាអូឌីតបានព្រមព្រៀងគ្នាបន្តការសម្របសម្រួលដែលជាផ្នែកមួយនៃអង្គការ OPEC+។
លោក ឡាវរ៉ូវ បាននិយាយថា «យើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តទៅវិញទៅមកចំពោះការផ្លាស់ប្តូរការសម្របសម្រួលបន្ថែមទៀតដែលជាផ្នែកមួយនៃអង្គការ OPEC+។ ប្រទេសទាំងអស់ដែលចូលរួមក្នុងទម្រង់នេះមានភាពស៊ីសង្វាក់គ្នាក្នុងការបំពេញការប្តេជ្ញាចិត្តរបស់ពួកគេក្នុងគោលបំណងធានាឱ្យមានតុល្យភាព និងស្ថិរភាពចាំបាច់នៅលើទីផ្សារថាមពលរបស់ពិភពលោក»។
អ្នកការទូតកំពូលរបស់រុស្ស៊ីរូបនេះក៏បាននិយាយផងដែរថា នៅក្នុងកិច្ចចរចានោះ ភាគីរុស្ស៊ី និងអារ៉ាប៊ីសាអូឌីតបានព្រមព្រៀងគ្នា «ចាត់វិធានការបន្ថែមទៀតដើម្បីបង្កើនទំហំពាណិជ្ជកម្មនាពេលអនាគត»។
ជាពិសេស លោក ឡាវរ៉ូវ បាននិយាយថា ប្រធានបទនេះនឹងត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំនៃគណៈកម្មការអន្តររដ្ឋាភិបាល ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងមូស្គូនៅចុងឆ្នាំនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន