ឃាត់ខ្លួនក្មេងទំនើងបាន ៤នាក់ ក្រោយធ្វើសកម្មភាពវាយគ្នាទៅវិញទៅមក

0

បាត់ដំបង៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៣និង៤០នាទីរំលងអាធ្រាត នៅចំណុចសួនសម្ដេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបងខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា​ (វាយគ្នាទៅវិញទៅមក) ដែលបង្កឡើងដោយក្រុមក្មេងទំនើងចំនួន ០២ក្រុម គ្នាប្រមាណជាង ១០នាក់ និងម៉ូតូប្រហែល ០៥គ្រឿង។

ដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងការិយាល័យជំនាញ និងកម្លាំងអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានធ្វើការស្រាវជ្រាវ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ឈឿន គឹមសុង នាយកការិយាល័យកំរិតស្រាលឈានដល់ការនាំខ្លួនក្រុមបក្សពួកក្មេងទំនើង ០១ក្រុមមានគ្នា ០៤នាក់ ១.ឈ្មោះ ពេជ្រ សកល ហៅ​ ឃ្លូ ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង ២.ឈ្មោះ លីន ចាន់ខេង ភេទប្រុស អាយុ ១៩ឆ្នាំ ទីលំនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង ៣.ឈ្មោះ ចៅ ប៊ុនឡុង ភេទប្រុស អាយុ ២៣ឆ្នាំ ទីលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុង-ខេត្តបាត់ដំបង និង៤.ឈ្មោះ សុវណ្ណ វិច្ឆ័យ ភេទប្រុស អាយុ ២៤ឆ្នាំ ទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង។

តាមសមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៣ និង៤០ នាទីរំលងអាធ្រាត្រ ត្រង់ចំណុចសួនច្បារសម្ដេចក្រឡាហោម ស ខេង មានក្រុមក្មេងទំនើងចំនួន ០២ក្រុម មានគ្នាប្រហែលជាង ១០នាក់ ម៉ូតូប្រហែល ០៥គ្រឿង បានធ្វើការដេញវាយ និងប្រើដុំថ្មគប់គ្នាទៅវិញទៅមកបណ្ដាលឲ្យរងរបួស និងខូចខាតម៉ូតូ ០១គ្រឿង របស់ឈ្មោះ លីន ចាន់ចេង។ មូលហេតុដែលធ្វើមានការវាយតប់គ្នានេះ គឺដោយសារមានការមើលមុខ និងឌឺដងដាក់គ្នា។ សម្ភារ: ខូច ខាតរួមមាន: ម៉ូតូ ០១គ្រឿង ម៉ាក Zoomer-X ពណ៌សក្រហម ស៊េរីឆ្នាំ២០១៧ ពាក់ស្លាក លេខ បាត់ដំបង 1AF-6217​ ។

បច្ចុប្បន្ន​ ការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ