សមយុទ្ធពស់វែកមាសនៅប្រទេសថៃ និងមានទាហានអាមេរិកចូលរួមប្រមាណ ៦០០០នាក់

0

បរទេស៖ កងទាហានអាមេរិករាប់ពាន់នាក់បានចូលរួមជាមួយទាហានថៃ និងកូរ៉េខាងត្បូង នៅលើឆ្នេរខ្សាច់ក្នុងប្រទេសថៃសម្រាប់សមយុទ្ធពស់វែកមាស (Cobra Gold) ដែលជាសមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំបំផុតមួយនៅអាស៊ី។

សមយុទ្ធដែលដំណើរការចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែមីនា មួយនេះ មានការប្រមូលផ្តុំកងទាហានចំនួន ៧.៤០០នាក់នៅក្នុងសកម្មភាពហ្វឹកហ្វឺនទាំងនៅលើមូលដ្ឋានអាកាស ផ្លូវគោក និងសមុទ្រ ព្រមទាំងវគ្គសង្គ្រោះជីវិតក្នុងព្រៃផងដែរ។

ជាមួយនឹងសមាជិកប្រហែល ៦.០០០នាក់នៃកងទាហានអាមេរិក បានធ្វើឱ្យគណៈប្រតិភូសហរដ្ឋអាមេរិកមានចំនួនច្រើនជាង ៤ដងនៃគណៈប្រតិភូដែលបានបញ្ជូនទៅចូលរួមកាលពីក្នុងឆ្នាំ២០២២។

សមយុទ្ធពស់វែកមាស គឺជាសមយុទ្ធយោធាដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានប្រទេសចូលរួមចំនួនប្រាំពីរនៅក្នុងសមយុទ្ធយោធាសំខាន់ៗ ដែលរួមមានប្រទេសជប៉ុន សហរដ្ឋអាមេរិក ថៃ កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី។

ប្រទេសចំនួនបីដែលរួមមានប្រទេសចិន ឥណ្ឌា និងអូស្ត្រាលី នឹងចូលរួមក្នុងសមយុទ្ធជំនួយមនុស្សធម៌។

ប្រទេសចំនួន១០ នឹងចូលរួមជាអ្នកសង្កេតការណ៍ ដែលរួមមានប្រទេសកម្ពុជា ឡាវ ប្រេស៊ីល ប៉ាគីស្ថាន វៀតណាម អាល្លឺម៉ង់ ស៊ុយអែត ក្រិក គុយវ៉ែត និងស្រីលង្កា៕

ប្រភព៖ ក្រសួងព័ត៌មាន