បរទេស៖ ប្រទេសចិននឹងតស៊ូយ៉ាងខ្លាំងក្លាប្រឆាំងនឹង «ឯករាជ្យភាពរបស់តៃវ៉ាន់» និងជំរុញការបង្រួបបង្រួមកោះនេះជាមួយចិនដីគោក។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋាភិបាលចិនដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ នៅឯពិធីបើកសម័យប្រជុំលើកដំបូងនៃសភាប្រជាជនជាតិលើកទី១៤ (ស្ថាប័ននីតិប្បញ្ញត្តិកំពូលចិន)។
របាយការណ៍នោះបាននិយាយថា «យើងនឹងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្ររួមរបស់គណបក្សក្នុងការដោះស្រាយបញ្ហាតៃវ៉ាន់ក្នុងយុគសម័យថ្មី ប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងគោរពតាមមតិឯកភាពឆ្នាំ១៩៩២ ដោយតស៊ូយ៉ាងម៉ឺងម៉ាត់ប្រឆាំងទៅនឹងអ្វីដែលហៅថាឯករាជ្យភាពតៃវ៉ាន់ និងជំរុញការអភិវឌ្ឍដោយសន្តិភាពនៃទំនាក់ទំនងរវាងភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ និងជំរុញការបង្រួបបង្រួមដោយសន្តិភាពនៃមាតុភូមិចិន»។
កោះតៃវ៉ាន់ដែលជាកោះធំជាងគេរបស់ប្រទេសចិនត្រូវបានគ្រប់គ្រងដោយរដ្ឋបាលរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៤៩ មក។ ទីក្រុងប៉េកាំងបានចាត់ទុកជាផ្លូវការថាកោះនេះជាខេត្តមួយក្នុងចំណោមខេត្តទាំងអស់របស់ប្រទេសចិន។
ភាពតានតឹងចំពោះបញ្ហាកោះតៃវ៉ាន់បានកើនឡើងបន្ទាប់ពីលោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) ដែលជាប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានទៅបំពេញទស្សនកិច្ចនៅទីក្រុងតៃប៉ិកាលពីក្នុងខែសីហា ឆ្នាំ២០២២។ មួយថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចនេះ កងទ័ពរំដោះប្រជាជនចិនបានចាប់ផ្តើមសមយុទ្ធទ្រង់ទ្រាយធំមួយជាមួយនឹងការបាញ់គ្រាប់មីស៊ីលនៅក្នុងតំបន់ចំនួនប្រាំមួយជុំវិញកោះតៃវ៉ាន់៕
ប្រភព៖ ក្រសួងព័ត៌មាន