បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋឆេក លោក ភែត្រ ប៉ាវែល (Petr Pavel) គ្រោងនឹងធ្វើទស្សនកិច្ចនៅរដ្ឋធានីនៃប្រទេសជិតខាងទាំងអស់ ក៏ដូចជាទីក្រុងគៀវ និងទីក្រុងប្រ៊ុចសែល ក្នុងរយៈពេល ១០០ថ្ងៃដំបូងបន្ទាប់ពីការស្បថចូលកាន់តំណែងនៅថ្ងៃទី៩ ខែមីនាខាងមុខនេះ។
ការធ្វើដំណើរទស្សនកិច្ចចំនួនពីរជាលើកដំបូងរបស់លោក ប៉ាវែល ទៅកាន់ប្រទេសស្លូវ៉ាគី និងប៉ូឡូញ នឹងធ្វើឡើងក្នុងសប្តាហ៍ដំបូងបន្ទាប់ពីការស្បថចូលកាន់តំណែងរបស់លោក បន្ទាប់មកលោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃទី២១-២២ ខែមីនា។ នេះបើតាមការផ្សាយរបស់វិទ្យុឆេក។
ការរាយការណ៍នោះក៏បាននិយាយផងដែរថា ប្រធានាធិបតីជាប់ឆ្នោតរបស់សាធារណរដ្ឋឆេករូបនេះក៏នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប្រ៊ុចសែលផងដែរនៅក្នុងខែមេសា ដើម្បីទៅទស្សនាទីស្នាក់ការរបស់អង្គការណាតូ និងសហភាពអឺរ៉ុប ហើយនឹងចាកចេញទៅកាន់ប្រទេសអ៊ុយក្រែននៅពេលក្រោយមកទៀតនៅក្នុងខែដដែលនោះ។
ការរាយការណ៍នោះបាននិយាយបន្ថែមថា នៅក្នុងខែឧសភា លោក ប៉ាវែល នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូទ្រីស និងហុងគ្រី។
លោក ប៉ាវែល មានអាយុ ៦១ឆ្នាំដែលជាឧត្តមសេនីយកងទ័ពឆេកចូលនិវត្តន៍ និងជាអតីតប្រធានគណៈកម្មាធិការយោធានៃអង្គការណាតូ បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតប្រធានាធិបតីសាធារណរដ្ឋឆេកកាលពីថ្ងៃទី២៨ ខែមករា៕
ប្រភព៖ ក្រសួងព័ត៌មាន