កូរ៉េខាងត្បូង និងឥណ្ឌា ឯកភាពគ្នាជំរុញទំនាក់ទំនងសេដ្ឋកិច្ច

0

បរទេស៖ ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបាននិយាយថា កាលពីថ្ងៃពុធ អ្នកការទូតជាន់ខ្ពស់របស់ប្រទេសកូរ៉េខាងត្បូង និងឥណ្ឌា បានជួបពិភាក្សាគ្នាអំពីវិធីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងទ្វេភាគីទាំងមូល។

កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាងអនុរដ្ឋមន្ត្រីការបរទេសទីពីររបស់កូរ៉េខាងត្បូង លោក លី ដូហ៊ូន (Lee Do-hoon) និងលេខាធិការនៃក្រសួងការបរទេសឥណ្ឌា លោក សាអ៊ូរ៉ាបហ៍ គូម៉ារ (Saurabh Kumar) ដែលបានធ្វើឡើងនៅប្រទេសឥណ្ឌា ខណៈដែលលោក លី ស្ថិតនៅក្នុងប្រទេសនៅអាស៊ីខាងត្បូងមួយនេះដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រទេស G20។ នេះបើយោងតាមក្រសួងការបរទេស។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានោះ លោក លី បានអំពាវនាវឱ្យបន្តការងាររួមគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ខ្សែសង្វាក់ផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធ ហើយបានស្នើសុំការគាំទ្រពីឥណ្ឌាដល់បណ្តាក្រុមហ៊ុនកូរ៉េខាងត្បូងដែលកំពុងប្រតិបត្តិការនៅទីនោះ។

ក្រសួងនេះបាននិយាយថា លោកក៏បានសង្កត់ធ្ងន់ផងដែរទៅលើការប្តេជ្ញាចិត្តរបស់ទីក្រុងសេអ៊ូលក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្រ្ត និងការទំនាក់ទំនងជាមួយប្រទេសឥណ្ឌាក្នុងនាមជាប្រទេសដៃគូសំខាន់នៅក្នុងតំបន់។

លោក គូម៉ារ បានសម្តែងក្តីសង្ឃឹមសម្រាប់ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ ខណៈដែលភាគីទាំងពីរបាននិងកំពុងធ្វើការងារយ៉ាងជិតស្និទ្ធបន្ថែមទៀតទៅលើវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យាទំនើប ឧស្សាហកម្មអាវុធ និងវិស័យផ្សេងៗទៀត។

ប្រទេសកូរ៉េខាងត្បូង និងឥណ្ឌាប្រារព្ធខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន