ប្រធានាធិបតីអ៊ុយក្រែន គាំទ្រផ្នែកយោធារបស់កូរ៉េខាងត្បូង ព្រោះវាបានផ្តល់ភាពវិជ្ជមានដល់

0

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelenskyy) បាននិយាយថា ការគាំទ្រផ្នែកយោធារបស់កូរ៉េខាងត្បូងនឹងមានភាពវិជ្ជមានសម្រាប់ប្រទេសរបស់លោកក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ដោយលោកបានបង្ហាញក្តីសង្ឃឹមថា កូរ៉េខាងត្បូងនឹងស្វែងរកមធ្យោបាយផ្តល់ជំនួយនេះ។

លោក ហ្សេលែនស្គី បានធ្វើការកត់សម្គាល់ខាងលើនេះនៅក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅទីក្រុងគីយីវ (Kyiv) ក្នុងឱកាសប្រារព្ធខួបលើកទីមួយនៃការឈ្លានពានរបស់រុស្ស៊ីចូលទៅក្នុងអ៊ុយក្រែនជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់អគ្គលេខាធិការអង្គការណាតូ លោក ជែនស៍ ស្តូលធែនបឺក (Jens Stoltenberg) ដែលឱ្យកូរ៉េខាងត្បូងផ្តល់ជំនួយយោធាដល់ប្រទេសដែលកំពុងតែហែកហួរដោយសង្រ្គាមមួយនេះ។ នេះបើយោងតាមការរាយការណ៍កាលពីថ្ងៃសុក្រដោយសារព័ត៌មាន Ukrinform ដែលជាទីភ្នាក់ងារព័ត៌មានរដ្ឋរបស់អ៊ុយក្រែន។

លោក ហ្សេលែនស្គី ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាននេះ​ថា​ «​យើងសម្លែងឃើញពីភាពវិជ្ជមានប្រសិនបើមានការផ្គត់ផ្គង់ទាំងនោះមកកាន់ពួកយើង។ ខ្ញុំសង្ឃឹមថា វានឹងស្វែងរកឱកាសមួយក្នុងការជួយដល់ប្រទេសអ៊ុយក្រែន»។

លោក ហ្សេលែនស្គី បាននិយាយថា «ព័ត៌មានលម្អិតកំពុងត្រូវបានពិភាក្សា» ជាមួយប្រទេសផ្សេងៗទៀតអំពីកូរ៉េខាងត្បូងនៅក្នុងកិច្ចការមួយនេះ ដោយលោកមិនបានបញ្ជាក់លម្អិតបន្ថែមទេ។ លោក​ក៏​បាន​សង្កត់​ធ្ងន់ផងដែរ​ថា ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​កូរ៉េ​ខាង​ត្បូង​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ហើយ​គួរ​តែ​អភិវឌ្ឍ​បន្ថែម​ទៀត។

លោក ស្តូលធែនបឺក បាននិយាយនៅក្នុងវេទិកាមួយក្នុងទីក្រុងសេអ៊ូលក្នុងអំឡុងនៃដំណើរទស្សនកិច្ចរបស់លោកកាលពីចុងខែមករាថា កូរ៉េខាងត្បូងគួរតែ «បង្កើនទៅលើបញ្ហាជាក់លាក់នៃការគាំទ្រផ្នែកយោធា»។

កូរ៉េខាងត្បូងទើបតែផ្តល់ជំនួយមនុស្សធម៌ និងជំនួយមិនមែនយោធាផ្សេងទៀតដល់អ៊ុយក្រែន ដោយលើកឡើងអំពីគោលជំហររបស់ខ្លួនក្នុងការមិនផ្គត់ផ្គង់សព្វាវុធដល់ប្រទេសដែលមានជម្លោះ៕

ប្រភព៖ ក្រសួងព័ត៌មាន