មនុស្សស្រី ២នាក់ រងរបួសធ្ងន់ ដោយសារតែជិះម៉ូតូដួលខ្លួនឯង

0

ពោធិ៍សាត់​៖ មនុស្ស​ស្រី​០២​នាក់ រង​របួសធ្ងន់​ស្រាល ដោយ​គ្រោះថ្នាក់​ចរាចរណ៍ បើក​ម៉ូតូ​ដួល​ខ្លួនឯង ករណី​នេះ​កើតឡើង នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ ស្ថិត​នៅ​ភូមិ​ស្រែ​ឬ​ស្សី ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ កាលពី​វេលា​ម៉ោង ១៧​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២៦​ខែ​កុ​ម្ភះ ឆ្នាំ​២០២៣ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ មនុស្ស​ស្រី​០២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​វ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1J.7716 ធ្វើ​ចរាចរណ៍​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​រេ​ចង្កូត​ធ្លាក់​ស្នាមភ្លោះ បណ្តាល​ឲ្យ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ រង​របួសធ្ងន់​ស្រាល និង​ខូចខាត​ម៉ូតូ​០១​គ្រឿង ។

លោក​វរសេនីយ៍ទោ ត្រិ​ញ ដុ​ង អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បង្ក​អោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​កត្តា​ប្រើប្រាស់​ល្បឿន ចំពោះ​ជន​រង​គ្រោះ​ទី​១​ឈ្មោះ ហង្ស ស្រី​ងី​ម ហៅ​ង៉ា ភេទ​ស្រី អាយុ ៤១​ឆ្នាំ​ជនជាតិ​ខ្មែរ ជា​អ្នកបើកបរ​ម៉ូតូ រង​របួសធ្ងន់ ទី​២​ឈ្មោះ រ៉េ​ត ចាន់​លី​ន ភេទ​ស្រី អាយុ ០៩​ឆ្នាំ ជនជាតិ​ខ្មែរ ជា​អ្នក​រួម​ដំណើរ រង​របួសស្រាល អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ក្នុង​ខ្សាច់​ល្អិត ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រគរ ចំពោះ​វត្ថុ​តាង​ម៉ូតូ​០១​គ្រឿង យើង​បាន​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​ក្បាល​ត្រាច ជា​បណ្ដោះអាសន្ន ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ