បរទេស៖ សហព័ន្ធឧស្សាហកម្មថៃ (FTI) មានការព្រួយបារម្មណ៍សារជាថ្មីម្តងទៀតអំពីលំហូរចូលនៃទំនិញចិនដែលមានតម្លៃថោក បន្ទាប់ពីការបើកដំណើរការឡើងវិញរបស់ប្រទេសចិន បើទោះបីជាគោលនយោបាយរបស់ទីក្រុងប៉េកាំងល្អសម្រាប់វិស័យទេសចរណ៍ក៏ដោយ។
លោក គ្រាងក្រៃ ធាននុគុល (Kriengkrai Thiennukul) ប្រធាន FTI បាននិយាយថា ប្រទេសថៃនឹងស្ទើរតែមិនអាចប្រកួតប្រជែងក្នុងឆាកពាណិជ្ជកម្មអន្តរជាតិបានទេ ដោយសារបច្ចុប្បន្ន សហគ្រិនមិនអាចគ្រប់គ្រងថ្លៃដើមផលិតកម្មបាន ដោយសារតម្លៃថាមពល និងប្រាក់ឈ្នួលខ្ពស់ជាងនៅក្នុងប្រទេសចិន។
លោកបានសង្កត់ធ្ងន់ថា ប្រទេសចិនកំពុងស្វែងរកទីផ្សារសម្រាប់ផលិតផលរបស់ពួកគេ។ ប្រទេសនេះនឹងបង្កើនការនាំចេញបន្ទាប់ពីការបើកដំណើរការឡើងវិញក្នុងគោលបំណងជំរុញសេដ្ឋកិច្ច។ លើសពីនេះទៀត ជាមួយនឹងសេដ្ឋកិច្ចពិភពលោកដែលទំនងជាឈានចូលដល់វិបត្តិសេដ្ឋកិច្ចនៅក្នុងឆ្នាំនេះ ប្រទេសជាច្រើនត្រូវស្វែងរកទីផ្សារថ្មីសម្រាប់ការនាំចេញរបស់ពួកគេ។
ការនាំចេញផលិតផលចិនទៅកាន់បណ្តាប្រទេសនៅអាស៊ានដែលរួមទាំងប្រទេសថៃផងនោះ នឹងប៉ះពាល់ដល់វិស័យនាំចេញរបស់ប្រទេសថៃ។
ទន្ទឹមនឹងនេះដែរ វិស័យនាំចេញកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួន រួមទាំងផលប៉ះពាល់នៃជម្លោះភូមិសាស្ត្រនយោបាយ តម្លៃថាមពលខ្ពស់ និងការប្រែប្រួលនៃអត្រាប្តូរប្រាក់បរទេស។
FTI បាននិយាយថា តម្លៃប្រាក់បាតថៃធៀបនឹងប្រាក់ដុល្លារអាម៉េរិកគួរតែឈរនៅកម្រិតសមស្រប។ ប្រសិនបើប្រាក់បាតថៃឡើងថ្លៃខ្លាំង អ្នកនាំចេញថៃនឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំង។ លោក ស៊ូឆាត ច័ន្ទរ៉ាណាការ៉ាចា (Suchart Chantaranakaracha) អនុប្រធាន FTI បាននិយាយថា តម្លៃប្រាក់បាតថៃគួរតែឈរនៅតម្លៃ ៣៤បាតក្នុងមួយដុល្លារអាម៉េរិក ប៉ុន្តែតម្លៃរបស់វាបានប្រែប្រួលយ៉ាងខ្លាំងពី ៣៨,០៨បាតក្នុងមួយដុល្លារអាម៉េរិកកាលពីក្នុងខែតុលា ឆ្នាំ២០២២ ដល់ ៣២,៨៨បាតក្នុងមួយដុល្លារអាម៉េរិកនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣៕
ប្រភព៖ ក្រសួងព័ត៌មាន