បរទេស៖ នាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) របស់ប្រទេសថៃបានណែនាំដល់ប៉ុស្តិ៍ត្រួតពិនិត្យជំងឺអន្តរជាតិ ធ្វើការត្រួតពិនិត្យរាល់អ្នកដំណើរទៅដល់ប្រទេសថៃពីប្រទេសមួយចំនួនដែលមានការបញ្ជាក់ពីករណីឆ្លងមេរោគម៉ារបឺក (MVD) ដែលជាវិធានការប្រុងប្រយ័ត្នមួយ។
សេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ពីការផ្ទុះឡើងនៃជំងឺម៉ារបឺក (Marburg) លើកដំបូងដែលមិនធ្លាប់មានកាលពីថ្ងៃទី១៣ ខែកុម្ភៈ នៅក្នុងប្រទេសអេក្វាទ័រហ្គីណេ។
អគ្គនាយកនៃនាយកដ្ឋាន DDC លោកវេជ្ជបណ្ឌិត តារេស ក្រាសាណៃរ៉ាវីវង្ស (Tares Krassanairawiwong) បាននិយាយថា មនុស្សចំនួន ២០០នាក់ដែលត្រូវបានគេចាត់ទុកថាមានហានិភ័យខ្ពស់នៃការឆ្លងមេរោគនេះនៅក្នុងប្រទេសអេក្វាទ័រហ្គីណេ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេ។
លើសពីនេះទៀត ករណីដែលបានបញ្ជាក់ចំនួន ២នាក់ និងករណីអាចឆ្លងចំនួន ៤២នាក់ត្រូវបានរាយការណ៍នៅក្នុងប្រទេសកាម៉េរូន ដែលមានព្រំដែនជាមួយប្រទេសអេក្វាទ័រហ្គីណេ។
អគ្គនាយករង DDC លោកវេជ្ជបណ្ឌិត សុផុន អៀមស៊ីរីថាវ៉ន (Sophon Iamsirithavorn) បានកត់សម្គាល់ថា បើទោះបីជាជំងឺម៉ារបឺកមិនទាន់ត្រូវបានរកឃើញនៅក្នុងប្រទេសថៃក៏ដោយ ប៉ុន្តែវាត្រូវបានចាត់ចូលជាជំងឺឆ្លងដ៏គ្រោះថ្នាក់មួយក្នុងចំណោមជំងឺឆ្លងទាំង១៣ ដោយច្បាប់ស្តីពីជំងឺឆ្លងរបស់ប្រទេសថៃ។
ប្រទេសនេះមិនទាន់ដាក់បម្រាមចំពោះការធ្វើដំណើរទៅ ឬមកពីអេក្វាទ័រហ្គីណេ ឬកាម៉េរូននោះទេ ប៉ុន្តែការត្រួតពិនិត្យត្រូវបានបង្កើនឡើងសម្រាប់ការទៅដល់របស់អ្កដំណើរពីប្រទេសនៅទ្វីបអាហ្វ្រិកទាំងពីរនេះ។
ក្នុងករណីដែលអ្នកដំណើរទៅដល់ប្រទេសថៃត្រូវបានសង្ស័យថាបានឆ្លងមេរោគម៉ារបឺក នោះមន្ត្រីសុខាភិបាលថៃត្រូវបានណែនាំឱ្យយកសំណាកសារធាតុរាវដើម្បីធ្វើតេស្ត និងជូនដំណឹងដល់បុគ្គលនោះអំពីលទ្ធផលក្នុងរយៈពេលបីម៉ោង។
រយៈពេលធ្វើទុក្ខរបស់មេរោគនេះ គឺពី ២-២១ថ្ងៃ ជាមួយនឹងការចាប់ផ្តើមនៃរោគសញ្ញាដែលត្រូវបានកត់សម្គាល់ ដូចជាគ្រុនក្តៅ ញាក់ ឈឺក្បាល និងឈឺសាច់ដុំ។ រោគសញ្ញាផ្សេងៗទៀតដែលអាចមាន ដូចជាចង្អោរ ក្អួត ឈឺទ្រូង ឈឺបំពង់ក ឈឺពោះ និងរាគ។
នៅពេលដែលជំងឺនេះមានការរីកចម្រើន រោគសញ្ញាទាំងនោះអាចកាន់តែធ្ងន់ធ្ងរ ហើយអាចរួមមានជម្ងឺខាន់លឿង រលាកលំពែង ស្រកទម្ងន់ធ្ងន់ធ្ងរ ភ្លេចភ្លាំង ឆក់ ខ្សោយថ្លើម ហូរឈាមច្រើន និងការប៉ះពាល់ដល់មុខងាររបស់សរីរាង្គជាច្រើនទៀត។ ប្រទេសអេក្វាទ័រហ្គីណេបានបញ្ជាក់ពីការផ្ទុះឡើងដំបូងនៃជំងឺម៉ារបឺករបស់ខ្លួនកាលពីថ្ងៃទី១៣ ខែកុម្ភៈ។ ការធ្វើតេស្តដំបូងបានធ្វើឡើងបន្ទាប់ពីការស្លាប់របស់មនុស្សយ៉ាងតិចចំនួន ៩នាក់នៅក្នុងខេត្ត Kei Ntem នៅភាគខាងកើតរបស់ប្រទេសនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន