បរទេស៖ ក្រសួងថាមពល និងរ៉ែរបស់ប្រទេសឡាវបាននិយាយនៅក្នុងសន្និសីទមួយកាលពីពេលថ្មីៗនេះដែលបានធ្វើឡើងដោយក្រសួងនេះ និងខេត្តហ្លួងព្រះបាងស្តីពីការពន្លឿនគម្រោងវារីអគ្គីសនីហ្លួងព្រះបាងថា គម្រោងវារីអគ្គីសនីហ្លួងព្រះបាងរបស់ប្រទេសឡាវដែលបានដំណើរការសាងសង់តាំងពីឆ្នាំ២០២០ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុងឆ្នាំ២០៣០។
អនុរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែរបស់ប្រទេសឡាវ លោក ថុងផាត់ អ៊ីនថាវង្ស (Thongphat Inthavong) បាននិយាយថា គម្រោងនេះត្រូវបានអនុវត្តរួមគ្នាដោយក្រុមហ៊ុនចំនួនបួន គឺក្រុមហ៊ុន PetroVietnam Power (របស់ប្រទេសវៀតណាម) ក្រុមហ៊ុន PT (របស់ប្រទេសឡាវ) ក្រុមហ៊ុន CH. Karnchang (របស់ប្រទេសថៃ) និងក្រុមហ៊ុន CK Power (របស់ប្រទេសថៃ)។
វារីអគ្គីសនីហ្លួងព្រះបាងជាគម្រោងមួយរត់តាមដងទន្លេ។ សមត្ថភាពអាងស្តុកទឹកត្រូវបានគេគ្រោងទុកថានឹងមានចំនួន ៧៣៤លានម៉ែត្រគុប។
គម្រោងនេះត្រូវបានគេរំពឹងថានឹងអាចផលិតថាមពលអគ្គិសនីបានចំនួន ៦.៥០០ជីហ្កាវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ គម្រោងថាមពលវារីអគ្គិសនីនេះមានទួរប៊ីនចំនួន៧ ដែលទួរប៊ីននីមួយៗមានសមត្ថភាពផលិតថាមពលបាន ២០០មេហ្គាវ៉ាត់។
មកដល់ពេលនេះ ប្រទេសឡាវមានគម្រោងថាមពលចំនួន៩១ ដែលមានសមត្ថភាពដំឡើងសរុបជាង ១១.៦៦១មេហ្គាវ៉ាត់ ដែលផលិតអគ្គិសនីបាន ៥៨.៨១៣ជីហ្គាវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ សេវាថាមពលបានគ្របដណ្តប់ ៩៥% នៃគ្រួសារប្រើប្រាស់សរុបនៅទូទាំងប្រទេស៕
ប្រភព៖ ក្រសួងព័ត៌មាន