ចិនមិនខ្វល់ទៅលើ ការអូសបន្លាយពេល ឬការពង្រីកវិបត្តិនៅអ៊ុយក្រែននោះទេ

0

បរទេស៖ ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនិស្តចិន (CCP) ) និងជាសមាជិកនៃការិយាល័យនយោបាយ CCP លោក វ៉ាង យី (Wang Yi) បាននិយាយថា ប្រទេសចិនមិនចាប់អារម្មណ៍ទៅលើការអូសបន្លាយពេល ឬការពង្រីកវិបត្តិនៅអ៊ុយក្រែនទេ ហើយប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងារជាមួយសហគមន៍អន្តរជាតិដើម្បីការពារការថមថយនៃស្ថានការណ៍ និងដើម្បីសម្រេចបានសន្តិភាព។

ក្រសួងការបរទេសចិនបានដកស្រង់សម្តីរបស់លោក វ៉ាង ដែលបាននិយាយនៅក្នុងកិច្ចប្រជុំមួយជាមួយរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីទ្រី គូឡេបា នៅទីក្រុងមុយនិចថា «យើងមិនចង់ឃើញការអូសបន្លាយពេលនៃវិបត្តិនៅអ៊ុយក្រែន ឬការពង្រីកទំហំរបស់វានោះទេ។ យើងចង់ដើរតាមផ្លូវដូចគ្នាជាមួយសហគមន៍អន្តរជាតិដើម្បីទប់ស្កាត់ស្ថានភាពដែលកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត ហើយនឹងតស៊ូដើម្បីសន្តិភាព»។

លោកបានសង្កត់ធ្ងន់ថា ប្រទេសចិនតែងតែស្វែងរកសន្តិភាព និងកិច្ចចរចារហូតមកចំពោះការព្រួយបារម្ភអំពីវិបត្តិនៅអ៊ុយក្រែន។

លោកក៏បានកត់សម្គាល់ផងដែរថា ប្រទេសចិន និងអ៊ុយក្រែន គឺជាដៃគូយុទ្ធសាស្ត្រ ដោយប្រជាជនរបស់ប្រទេសទាំងពីរត្រូវបានផ្សារភ្ជាប់ដោយទំនាក់ទំនងមិត្តភាពយូរអង្វែង។ យោងតាមលោក វ៉ាង យី បានឱ្យដឹងថា ប្រទេសចិនឱ្យតម្លៃទៅលើការប្ដេជ្ញាចិត្តរបស់អ៊ុយក្រែនចំពោះគោលការណ៍ចិនតែមួយ។ លោកក៏បានសម្តែងនូវក្តីសង្ឃឹមផងដែរថា ទំនាក់ទំនងទ្វេភាគីនឹងបន្តអភិវឌ្ឍជាលំដាប់៕

ប្រភព៖ ក្រសួងព័ត៌មាន