បរទេស៖ គេហទំព័រសារព័ត៌មាន Bloomberg បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន គ្រោងនឹងដាក់ទណ្ឌកម្មបន្ថែមទៀត និងវិធានការត្រួតពិនិត្យទៅលើការនាំចេញដែលផ្តោតទៅលើវិស័យថាមពល និងការពារជាតិរបស់រុស្ស៊ី។
យោងតាមប្រភពបានឱ្យដឹងថា ការរឹតបន្តឹងនាពេលអនាគតនឹងគ្របដណ្តប់ទៅលើវិស័យការពារជាតិ និងថាមពលរបស់រុស្ស៊ី ស្ថាប័នហិរញ្ញវត្ថុ និងបុគ្គលមួយចំនួន។ ក្រៅពីនោះ សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងចាត់វិធានការរារាំងការប៉ុនប៉ងមិនអនុវត្តទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីដោយប្រទេសទីបីផងដែរ។
អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការនយោបាយ លោកស្រី វីតូរីយ៉ា នូលែនដ៍ (Victoria Nuland) បាននិយាយនៅពេលមុននេះថា សហរដ្ឋអាមេរិក និងក្រុមដៃគូទាំងប្រាំពីរ គ្រោងនឹងដាក់កំហិតបន្ថែមទៀតនៅក្នុងឱកាសនៃខួបប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន។ យោងតាមលោកស្រី នូលែនដ៍ បានឱ្យដឹងថា ការដាក់ទណ្ឌកម្មនេះនឹងអនុវត្តចំពោះការផ្គត់ផ្គង់បច្ចេកវិទ្យាដល់ឧស្សាហកម្មការពារជាតិរុស្ស៊ី និងឧបករណ៍បច្ចេកវិទ្យាខ្ពស់។
លោកស្រីក៏បាននិយាយផងដែរថា ទណ្ឌកម្មនេះក៏នឹងកំណត់គោលដៅចំពោះអ្នកដែលជួយអាជ្ញាធររុស្ស៊ីក្នុងការអនុវត្តប្រតិបត្តិការយោធាពិសេស និងរំលងការអនុវត្តទណ្ឌកម្មដែលមានស្រាប់។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅពេលមុននេះថា រុស្ស៊ីស្ថិតនៅក្រោមសម្ពាធនៃទណ្ឌកម្មគ្មានទីបញ្ចប់នៃបណ្តារដ្ឋដែលមិនមានភាពរួសរាយរាក់ទាក់ ប៉ុន្តែពួកគេក៏កំពុងប្រឈមមុខនឹងទណ្ឌកម្មទាំងនោះដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន