បរទេស៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃសុក្រនេះបានឲ្យដឹងថា ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ បានប្រកាសសូមឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះការបង្ហាញខ្លួននៃវីរុសប្រភេទថ្មីដែលមានឈ្មោះថា Marburg នឹងដើម្បីប្រឆាំងនឹងវត្តមាននៃមេរោគនេះផងដែរ ដែល Marburg ជាអំបូរនៃវីរុស Ebola ដែលបច្ចុប្បន្នគេមិនទាន់រកឃើញថ្នាំណាមួយសម្រាប់ព្យាបាលវានៅឡើយទេហើយមេរោគនេះឆ្លងតាមរយៈការប៉ះពាល់រវាងមនុស្សនិងមនុស្ស។
មកដល់ពេលនេះ Marburg កំពុងរីករាលដាលសាយភាយនៅតំបន់អាហ្រ្វិកកណ្តាល ហើយវាបានឆក់យកជីវិតមនុស្ស៦នាក់ហើយនៅក្នុងតំបន់នេះ ស្របពេលដែលមនុស្ស១៦នាក់ទៀតកំពុងឆ្លងមេរោគ Marburg។
ក្រសួងសុខាភិបាលថៃបានដាក់ចេញនូវវិធានការពិនិត្យយ៉ាងម៉ត់ចត់ចំពោះអ្នកធ្វើដំណើរទាំងអស់ដែលមកពីភាគកណ្តាលនៃប្រទេស Equatorial Guinea និងប្រទេសជិតខាងរបស់ខ្លួនដើម្បីការពារការឆ្លងចូលក្នុងស្រុក។
លោក Opas Karnkawinpong លេខាធិការអចិន្ត្រៃយ៍របស់ក្រសួងសុខាភិបាលថៃបាននិយាយថាមកដល់ព្រឹកនេះក្រសួងបាននិងកំពុងតាមដានយ៉ាងដិតដល់នូវការផ្ទុះឡើងនៃជំងឺនេះ ដែលត្រូវបានរកឃើញជាលើកដំបូងនៅក្នុង Equatorial Guinea៕
ប្រភព៖ ក្រសួងព័ត៌មាន