បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក ជែនស៍ ស្តូលធែនបឺក (Jens Stoltenberg) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអង្គការណាតូថា ប្រទេសហ្វាំងឡង់ និងស៊ុយអែតនឹងចូលរួមជាមួយអង្គការណាតូនៅរដូវស្លឹកឈើជ្រុះខាងមុខនេះ ខណៈដែលពួកគេបានបំពេញរាល់ការទាមទាររបស់ទីក្រុងអង់ការ៉ារួចអស់ហើយ ប៉ុន្តែពិធីសារចូលជាសមាជិករបស់ពួកគេមិនទាន់ត្រូវបានផ្តល់សច្ចាប័នដោយប្រទេសហុងគ្រី និងតួកគីនៅឡើយទេ។
លោកបាននិយាយថា «ទាំងប្រទេសស៊ុយអែត និងហ្វាំងឡង់ ឥឡូវនេះបានបំពេញកាតព្វកិច្ចរបស់ពួកគេរួចរាល់ហើយនៅក្នុងអនុស្សរណៈត្រីភាគីរួមមួយដែលពួកគេបានចុះហត្ថលេខាជាមួយប្រទេសតួកគីកាលពីក្នុងខែកក្កដាឆ្នាំមុន (ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងម៉ាឌ្រីដក្នុងឆ្នាំ២០២២)។ ដូច្នេះ ខ្ញុំបានជំរុញឱ្យប្រទេសតួកគីផ្តល់សច្ចាប័នទៅលើពិធីសារចូលរួមទាំងហ្វាំងឡង់ និងស៊ុយអែតរួមគ្នាតែម្តងនៅចុងរដូវស្លឹកឈើជ្រុះខាងមុខនេះ»។
លោកបាននិយាយថា «នោះ គឺជាគោលជំហររបស់ខ្ញុំ។ នោះជាអ្វីដែលមិនមានការផ្លាស់ប្តូរ» ដោយលោកបាននិយាយបន្ថែមថា ប្រទេសស៊ុយអែត និងហ្វាំងឡង់នឹងក្លាយជាសមាជិកអង្គការណាតូក្នុងពេលឆាប់ៗនេះ។ លោក ស្តូលធែនបឺក បាននិយាយថា «សម្ព័ន្ធមិត្តចំនួន២៨ បានផ្តល់សច្ចាប័នទៅលើពិធីសារទាំងពីររួចហើយ នៅដល់តែប្រទេសហុងគ្រី និងតួកគី ដែលមិនទាន់បានផ្តល់»៕
ប្រភព៖ ក្រសួងព័ត៌មាន