បរទេស៖ លោក វ៉ាង យី (Wang Yi) ប្រធានការិយាល័យកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបាននិយាយនៅក្នុងកិច្ចសន្ទនាមួយជាមួយប្រធានាធិបតីបារាំង លោក អេមម៉ានុយអ៊ែល ម៉ាក្រុន (Emmanuel Macron) ថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមកម្លាំងជាមួយសហគមន៍អន្តរជាតិក្នុងការលើកកម្ពស់ដំណោះស្រាយនយោបាយសម្រាប់វិបត្តិនៅអ៊ុយក្រែន។
ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនដោយបានដកស្រង់សម្តីរបស់លោក វ៉ាង យី ដែលបាននិយាយថា «ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយសហគមន៍អន្តរជាតិ រួមទាំងប្រទេសបារាំងផងដែរ ដើម្បីលើកកម្ពស់ផ្លូវនៃដំណោះស្រាយនយោបាយ និងឈានដល់បទឈប់បាញ់នៅពេលឆាប់ៗនេះ»។
លោកក៏បាននិយាយផងដែរថា ប្រទេសចិនបានយកចិត្តទុកដាក់ចំពោះតួនាទីរបស់ប្រទេសបារាំងក្នុងនាមជាប្រទេសឯករាជ្យដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងសម្រាប់ដំណោះស្រាយវិបត្តិនេះ។
លោក វ៉ាង យី បាននិយាយថា ប្រទេសចិនបានប្រកាន់យកនូវគោលជំហរ និងភាពមិនលំអៀងនៅក្នុងបញ្ហាអ៊ុយក្រែន ហើយតែងតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចចរចាសន្តិភាព។ ក្រសួងការបរទេសចិនបានរាយការណ៍នៅពេលមុននេះថា លោក វ៉ាង យី គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសបារាំង អ៊ីតាលី ហុងគ្រី និងរុស្ស៊ី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែកុម្ភៈ។
លោកក៏គ្រោងនឹងចូលរួមក្នុងសន្និសិទសន្តិសុខទីក្រុងមូនីច ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧-១៩ ខែកុម្ភៈផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន