ភ្ញៀវទេសចរអន្តរជាតិ ដែលចូលប្រទេសថៃ ត្រូវបង់លុយចន្លោះពី ១៥០បាតទៅ ៣០០បាត

0

បរទេស៖ រដ្ឋាភិបាលនៃប្រទេសថៃបានអនុម័តចំពោះការប្រមូលថ្លៃចូលទៅក្នុងប្រទេសពីភ្ញៀវទេសចរអន្តរជាតិចាប់ពី ១៥០បាតទៅ ៣០០បាត (៤,៣-៨,៧ដុល្លារអាម៉េរិក) ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនាខាងមុខនេះ។ អាស្រ័យហេតុនេះ ថ្លៃសេវាសម្រាប់ចូលទៅក្នុងប្រទេសថៃចំនួន ៣០០បាតសម្រាប់ភ្ញៀវទេសចរបរទេសដែលទៅដល់តាមផ្លូវអាកាស និង ១៥០បាតសម្រាប់អ្នកដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវសមុទ្ទ។

ទោះជាយ៉ាងណាក៏ដោយ ភ្ញៀវទេសចរទាំងអស់ដែលចូលទៅក្នុងប្រទេសថៃសម្រាប់រយៈពេលតែមួយថ្ងៃនឹងត្រូវបានលើកលែងពីថ្លៃសេវានេះ។ អ្នកកាន់ប័ណ្ណការងារនៅក្នុងប្រទេសថៃក៏នឹងត្រូវបង់ថ្លៃសេវាចូលនេះដែរ ព្រោះប្រព័ន្ធនេះមិនខុសគ្នាពីអ្នកទេសចរធម្មតាទេ ប៉ុន្តែពួកគេនឹងទទួលបានប្រាក់នេះត្រឡប់មកវិញនៅពេលក្រោយ។

រដ្ឋាភិបាលថៃរំពឹងថានឹងប្រមូលថវិកាបានប្រមាណ ៣,៩ប៊ីលានបាតពីថ្លៃសេវាចូលនៅក្នុងឆ្នាំនេះ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក ភីផាត់ រ៉ាត់ចាគីតប្រាកាន (Phiphat Ratchakitprakarn) បាននិយាយថា ថ្លៃសេវានេះមួយផ្នែកនឹងត្រូវបានប្រើប្រាស់សម្រាប់ធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់សម្រាប់ភ្ញៀវទេសចរក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសថៃ ក៏ដូចជាជួយស្ដារតំបន់ទេសចរណ៍ក្នុងស្រុកឡើងវិញ។

អាជ្ញាធរ​ថៃ​បាន​គិតគូរអំ​ពី​ការ​ប្រមូល​កម្រៃសេវា​ពី​ភ្ញៀវ​ទេសចរ​អន្តរជាតិនេះ​ជា​យូរ​មក​ហើយ ប៉ុន្តែ​វិធានការ​នេះ​ត្រូវ​បាន​ពន្យារ​ពេល​ជា​បន្តបន្ទាប់ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

កាលពីចុងខែមករា ក្រុមប្រឹក្សាទេសចរណ៍ថៃបានព្យាករថា ប្រទេសថៃនឹងស្វាគមន៍ការទៅដល់របស់ភ្ញៀវទេសចរបរទេសជាង ៣០លាននាក់នៅក្នុងឆ្នាំ២០២៣ ដែលខ្ពស់ជាងការព្យាករពីមុនដែលមានចំនួនត្រឹមតែពី ២៥លានទៅ ២៧,៥លាននាក់ ដែលបានចេញផ្សាយដោយរដ្ឋាភិបាល៕

ប្រភព៖ ក្រសួងព័ត៌មាន