បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) កាលពីថ្ងៃអង្គារបានរួមគ្នាប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេសក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋផ្សេងទៀត ហើយបានប្តេជ្ញាគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីការពារអធិបតេយ្យភាពរដ្ឋ និងបូរណភាពទឹកដីនៃប្រទេសទាំងពីរ។
លោក រ៉ៃស៊ី បាននិយាយបន្ទាប់ពីកិច្ចប្រជុំនោះថា «ទាំងអ៊ីរ៉ង់ និងចិន គឺប្រឆាំងយ៉ាងខ្លាំងចំពោះគោលនយោបាយនៃសកម្មភាពឯកតោភាគី អនុត្តរភាព និងការគំរាមកំហែង ក៏ដូចជាការជ្រៀតជ្រែកពីបរទេសក្នុងកិច្ចការផ្ទៃក្នុង»។
លោក ស៊ី បាននិយាយថា ទីក្រុងប៉េកាំងបានត្រៀមខ្លួនរួចជាស្រេចក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីក្រុងតេអេរ៉ង់ទៅលើបញ្ហាមួយចំនួនដែលមានផលប្រយោជន៍ទៅវិញទៅមក។
ក្នុងជំនួបនោះ មេដឹកនាំអ៊ីរ៉ង់បានថ្លែងអំណរគុណដល់ប្រទេសចិនសម្រាប់ជំនួយដល់ទីក្រុងតេអេរ៉ង់ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ និងការគាំទ្រក្នុងឆាកអន្តរជាតិទៅលើបញ្ហានានា ដូចជាកិច្ចចរចាទៅលើការបន្តផែនការសកម្មភាពទូលំទូលាយរួមស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។
លោក រ៉ៃស៊ី បានទៅដល់ទីក្រុងប៉េកាំងកាលពីព្រឹកម្សិលមិញតបតាមការអញ្ជើញជាផ្លូវការរបស់មេដឹកនាំចិន។ នេះជាជំនួបកំពូលអ៊ីរ៉ង់-ចិនលើកដំបូងក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ។ គោលដៅមួយក្នុងចំណោមគោលដៅនៃដំណើរទស្សនកិច្ចរបស់លោក រ៉ៃស៊ី គឺដើម្បីពិភាក្សាអំពីការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងប៉េកាំង៕
ប្រភព៖ ក្រសួងព័ត៌មាន