ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ៦នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដុំថ្មគប់ និងកាំបិតប៉័ងតោកាប់បណ្តាលឲ្យត្រូវចំស្មាខាងឆ្វេងដាច់រយះចេញឈាមរងរបួសដេរចំនួន០៦ថ្នេរ) ប្រព្រឹត្តនៅចំណុចកន្លែងលក់ហ្វឺ ផ្លូវលេខ៣០៤ ភូមិ៥ សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៤នឹង០០នាទី។
លោកវរសេសនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ នឿន សុផាន់ណា, ទី២-ឈ្មោះ ឃុន កូវីអរុណពន្លឺ, ទី៣-ឈ្មោះ អាន ឆាយម៉ិញ, ទី៤-ឈ្មោះ ផាន់ សៀងហៃ, ទី៥-ឈ្មោះ ឡូត សំណាង និងទី៦-ឈ្មោះ ជូ ជៀវហាវ។
សមត្ថកិច្ចបានដកហូតសម្ភារៈ៖ -ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស ស៊េរីឆ្នាំ២០១៩ លេខតួ លេខម៉ាស៊ីន ២១៤៣២ ពាក់ផ្លាកលេខ ភ្នំពេញ១JQ-១៩៣៨ ចំនួន០១គ្រឿង, -ម៉ូតូម៉ាកហ្ស៊ុយស៊ុយគីនិច ពណ៌ ស ខៀវ ស៊េរីឆ្នាំ២០១៦ លេខតួ ២១៧៦៧ លេខម៉ាស៊ីន ១៧៤៥ ពាក់ផ្លាកលេខ កំពង់ចាម១U- ២៦៤១ ចំនួន០១គ្រឿង។
ជនរងគ្រោះឈ្មោះ លី ហុងភាវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១១៥ ផ្លូវបេតុង ភូមិធម្មត្រី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ សិស្សសាលាទួនហ្វា ស្នាមរបួស ស្នាមកាប់ចំស្មាខាងឆ្វេង រងបួសចេញឈាម ដេរចំនួន០៦៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ