បរទេស៖ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ីន បានអំពាវនាវឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មឯកតោភាគីខុសច្បាប់ទាំងអស់ប្រឆាំងនឹងស៊ីរីចេញជាបន្ទាន់។
លោក វ៉ាង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «រដ្ឋាភិបាលសហរដ្ឋអាមេរិកគួរតែដកទណ្ឌកម្មឯកតោភាគីទៅលើប្រទេសស៊ីរីចេញជាបន្ទាន់ ជាជាងការបង្ហាញអំពីនយោបាយនូវអ្វីដែលហៅថាគ្រាន់តែជាការបន្ធូរបន្ថយជាបណ្ដោះអាសន្ននោះ»។
អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា «សហរដ្ឋអាមេរិកបានចូលរួមជាច្រើនឆ្នាំក្នុងអន្តរាគមន៍យោធា និងការដាក់ទណ្ឌកម្មឯកតោភាគីខុសច្បាប់ប្រឆាំងនឹងស៊ីរី» ដែលធ្វើឱ្យវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសស៊ីរី និងសុខុមាលភាពរបស់ប្រជាជនកាន់តែធ្ងន់ធ្ងរទៅ ហើយធ្វើឱ្យសមត្ថភាពឆ្លើយតបចំពោះគ្រោះមហន្តរាយរបស់រដ្ឋាភិបាលស៊ីរីចុះខ្សោយយ៉ាងខ្លាំង។
បន្ទាប់ពីការរញ្ជួយដីបានបង្ហាញថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានរារាំងដោយផ្ទាល់ដល់ជនរងគ្រោះពីការទទួលបានជំនួយក្នុងរយៈពេល ៧២ម៉ោងដំបូង។ នេះបើយោងតាមអ្នកនាំពាក្យរូបនោះ។
កាលពីថ្ងៃទី១០ ខែកុម្ភៈ រតនាគារសហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មមួយរយៈសម្រាប់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យមានប្រតិបត្តិការមួយចំនួនសម្រាប់កិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញ បន្ទាប់ពីប្រទេសនេះត្រូវបានវាយប្រហារដោយការរញ្ជួយដីដ៏បំផ្លិចបំផ្លាញមួយ។ នាយកកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង លោក កូរីន ហ្លេសឆឺរ (Corinne Fleischer) បាននិយាយថា ទណ្ឌកម្មមួយចំនួនប្រឆាំងនឹងស៊ីរីត្រូវតែដកចេញដើម្បីឱ្យសហគមន៍មនុស្សធម៌អាចផ្តល់ឱសថ និងជីដល់ប្រទេសស៊ីរី។
កាលពីថ្ងៃទី៦ ខែកុម្ភៈ ផ្នែកខ្លះនៃប្រទេសតួកគី និងស៊ីរី បានរងការវាយប្រហារដោយការរញ្ជួយដីដ៏ខ្លាំងក្លា និងការរញ្ជួយដីជាបន្តបន្ទាប់ ដែលបានសម្លាប់មនុស្សប្រមាណជិត ៤០.០០០នាក់ ដែលជនរងគ្រោះភាគច្រើននៅក្នុងប្រទេសតួកគី និងបានបំផ្លាញផ្ទះរាប់ពាន់ខ្នង៕
ប្រភព៖ ក្រសួងព័ត៌មាន