ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី គឺផ្តោតទៅលើធនាគារចំនួន ៤

0

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីថ្ងៃចន្ទដោយបានដកស្រង់សម្តីរបស់មន្ត្រី និងអ្នកការទូតដែលបាននិយាយថា កញ្ចប់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីអាចកំណត់គោលដៅទៅលើធនាគារចំនួន៤ បន្ថែមទៀត ក៏ដូចជាបុគ្គល និងអង្គភាពចំនួន១៣០។

ប្រព័ន្ធផ្សព្វផ្សាយនោះបាននិយាយថា ទណ្ឌកម្មហិរញ្ញវត្ថុថ្មីត្រូវបានគេរំពឹងថានឹងដាក់ចេញប្រឆាំងទៅនឹងធនាគាររបស់រុស្ស៊ីចំនួន៤ រួមទាំងធនាគារឯកជនដ៏ធំបំផុតរបស់រុស្ស៊ីមួយផងដែរ គឺធនាគារអាល់ហ្វា (Alfa)។

បញ្ជីនៃអង្គភាព និងបុគ្គលទាំងនោះនឹងរួមបញ្ចូលទាំងមេដឹកនាំយោធារុស្ស៊ី មន្ត្រីដែលត្រូវបានតែងតាំងដោយទីក្រុងមូស្គូក្នុងតំបន់ថ្មីរបស់រុស្ស៊ី អ្នកសារព័ត៌មានដែលធ្វើការឱ្យប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី ដូចជាសារព័ត៌មាន RT ក៏ដូចជាក្រុមហ៊ុន និងបុគ្គលនៅក្នុងប្រទេសផ្សេងៗទៀតដែលមានទំនាក់ទំនងទៅនឹងប្រតិបត្តិការពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន ដូចជានៅក្នុងប្រទេសម៉ាលី និងអ៊ីរ៉ង់ជាដើម។

ប្រព័ន្ធផ្សព្វផ្សាយនោះបាននិយាយបន្ថែមថា កញ្ចប់ទណ្ឌកម្មថ្មីនេះក៏អាចរួមបញ្ចូលនូវការហាមប្រាមការនាំចូលកៅស៊ូ និងសារធាតុកៅស៊ូក្រាលថ្នល់ពីរុស្ស៊ីទៅកាន់សហភាពអឺរ៉ុប ក៏ដូចជាការនាំចេញទំនិញមួយចំនួនទៅកាន់ប្រទេសរុស្ស៊ី ដែលរួមមានទាំងរថយន្តដឹកទំនិញ និងរថយន្តធុនធ្ងន់ដែលប្រើប្រាស់ក្នុងវិស័យសំណង់ផងដែរ។

លើសពីនេះទៀត ទីក្រុងប្រ៊ុចសែលមានបំណងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនដឹកជញ្ជូនមួយដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ដែលគេសង្ស័យថាបានជួយដល់រុស្ស៊ីឱ្យជៀសផុតពីការដាក់ទណ្ឌកម្មទៅលើការនាំចេញប្រេង។

សហភាពអឺរ៉ុបក៏អាចហាមឃាត់ជនជាតិរុស្សីពីការចូលទៅក្នុងក្រុមប្រឹក្សានាយកនៃក្រុមហ៊ុនរបស់សហភាពអឺរ៉ុបដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងការផ្គត់ផ្គង់អគ្គិសនី និងឧស្ម័នផងដែរ។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីកញ្ចប់ទណ្ឌកម្មថ្មីនេះនៅថ្ងៃពុធស្អែកនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន