បរទេស៖ អ្នកនាំពាក្យសេវាកម្មសកម្មភាពខាងក្រៅរបស់អឺរ៉ុបលោក ភែទើរ ស្ទែណូ (Peter Stano) បាននិយាយកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុប (EU) មិនមានគម្រោងធ្វើតាមគំរូរបស់សហរដ្ឋអាមេរិក ក្នុងការណែនាំដល់ពលរដ្ឋរបស់ខ្លួន ឬអ្នកដែលមានសញ្ជាតិពីរឱ្យចាកចេញពីប្រទេសរុស្ស៊ីនោះទេ។
លោកបាននិយាយថា «សហភាពអឺរ៉ុបមិនបានធ្វើការសម្រេចចិត្តបែបនេះទេ ហើយយើងក៏មិនមានកិច្ចពិភាក្សាអំពីរឿងនេះដែរ។ សេចក្តីសម្រេចកុងស៊ុល គឺជាការទទួលខុសត្រូវរបស់ប្រទេសនានាជាសមាជិក មិនមែនក្នុងនាមសហភាពអឺរ៉ុបនោះទេ»។
កន្លងមក ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរុស្ស៊ីបានអំពាវនាវឱ្យជនជាតិអាមេរិកចាកចេញពីប្រទេសនោះជាបន្ទាន់ ដោយបានអះអាងថា ប្រទេសរុស្ស៊ីបាននិយាយថាអាចបដិសេធពលរដ្ឋអាមេរិកពីការទទួលស្គាល់សញ្ជាតិពីររបស់ពួកគេ ដកពួកគេចេញពីការទទួលបានជំនួយកុងស៊ុល ចល័តពួកគេទៅកងកម្លាំងប្រដាប់អាវុធ ឬរារាំងពួកគេមិនឱ្យចាកចេញពីប្រទេស៕
ប្រភព៖ ក្រសួងព័ត៌មាន