កងទ័ពជើងទឹកថៃ កំពុងធ្វើការងារដើម្បីជួយស្រង់នាវាចម្បាំង HTMS សុខោទ័យ ដែលបានលិចកាលពីខែធ្នូឆ្នាំមុន

0

បរទេស៖ កងទ័ពជើងទឹកថៃកំពុងធ្វើការងារដើម្បីជួយស្រោចស្រង់នាវាចម្បាំង HTMS សុខោទ័យដែលបានលិច ហើយកំណត់មូលហេតុនៃដំណើរការខុសប្រក្រតីរបស់វាកាលពីខែធ្នូឆ្នាំមុន។

អគ្គមេបញ្ជាការកងទ័ពជើងទឹកថៃ លោក ចឹងចៃ ជុមចឹងផែត (Choengchai Chomchoengpaet) បាននិយាយថា នាពេលបច្ចុប្បន្ននេះ កងទ័ពជើងទឹកថៃកំពុងស្វែងរកអ្នកម៉ៅការដែលមានសមត្ថភាពដើម្បីស្រោចស្រង់នាវាចម្បាំងសុខោទ័យ ដែលជានាវាមុជទឹកប្រភេទរតនៈកូស៊ីន ដែលបានលិចនៅឆ្នេរសមុទ្រនៃខេត្តប្រាជួបឃីរីខាន់ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានសម្តែងការព្រួយបារម្ភថា ការស្រោចស្រង់ឡើងវិញនេះនឹងមានការលំបាក ដោយសារតែនាវានោះបានលិចក្នុងជម្រៅប្រហែល ៥០ម៉ែត្រ ដែលធ្វើឱ្យការជួយសង្គ្រោះមានការលំបាក។

មេទ័ពជើងទឹករូបនេះបាននិយាយបន្ថែមថា ការជួយសង្គ្រោះនេះត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃជាង ២០០លានបាត ដោយសារបញ្ហាប្រឈមទាំងនេះ។

នាវាចម្បាំងសុខោទ័យបានលិចនៅចម្ងាយប្រហែល ២០ម៉ាយល៍ពីឆ្នេរសមុទ្រនៃស្រុកបាងសាផានក្នុងអាកាសធាតុមានព្យុះ ដោយមាននាវិកចំនួន ១០៥នាក់នៅលើនាវានោះ។ សមាជិកនាវិកចំនួន ៧៦នាក់ត្រូវបានជួយសង្គ្រោះ ខណៈដែលសាកសព ២៤នាក់ត្រូវបានគេរកឃើញ ហើយសមាជិកនាវិកចំនួន ៥នាក់បាត់ខ្លួន។

ប្រធានកងទ័ពជើងទឹកបាននិយាយបន្ថែមថា គណៈកម្មាធិការពិនិត្យមើលមូលហេតុនៃសោកនាដកម្មនេះ បានបញ្ចប់ការសម្ភាសន៍ជាមួយសាក្សីចំនួន ២៨៩នាក់ រួមទាំងសមាជិកនាវិកដែលនៅរស់រានមានជីវិត មេកានិចកប៉ាល់ និងអ្នកស្ម័គ្រចិត្តដែលជួយក្នុងបេសកកម្មស្វែងរក និងជួយសង្គ្រោះ។ កងទ័ពជើងទឹកថៃក៏កំពុងពិនិត្យមើលសក្ខីកម្មសាក្សី និងដើម្បីកំណត់ថាហេតុអ្វីបានជានាវានេះលិចផងដែរ បន្ទាប់ពីនាវាត្រូវបានស្រោចស្រង់៕

ប្រភព៖ ក្រសួងព័ត៌មាន