វៀតណាម ជាប់ឆ្នោតជាអនុប្រធានគណៈកម្មាធិការរបស់អង្គការយូណេស្កូ សម្រាប់ការការពារភាពចម្រុះវប្បធម៌

0

បរទេស៖ ប្រទេសវៀតណាមបានជាប់ឆ្នោតជាអនុប្រធាននៃគណៈកម្មាធិការអន្តររដ្ឋាភិបាលរបស់អង្គការយូណេស្កូនៃអនុសញ្ញាឆ្នាំ២០០៥ សម្រាប់កិច្ចការពារ និងលើកកម្ពស់ភាពចម្រុះនៃការបញ្ចេញមតិវប្បធម៌ ដែលមានសមាជិក ២៤រូប ដោយតំណាងឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកដែលជាផ្នែកមួយនៃសម័យប្រជុំលើកទី១៦ របស់គណៈកម្មាធិការនេះ។

ឯកអគ្គរដ្ឋទូតវៀតណាម លោកស្រី ឡេ ធីហុងវ៉ាន់ (Le Thi Hong Van) ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការយូណេស្កូបានសង្កត់ធ្ងន់ថា ការទទួលតំណែងនេះជាលើកទី២ បានបន្តបង្ហាញពីគោលជំហរ និងកិត្យានុភាពរបស់ប្រទេសវៀតណាមដែលកំពុងឈានឡើងនៅក្នុងឆាកអន្តរជាតិ និងការគាំទ្ររបស់សហគមន៍អន្តរជាតិ និងការជឿទុកចិត្តគ្នាទៅលើការរួមចំណែក និងសមត្ថភាពគ្រប់គ្រងរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះនៅស្ថាប័នពហុភាគីពិភពលោក។

លោកស្រីបានកត់សម្គាល់ថា ការបោះឆ្នោតនោះក៏បានទទួលស្គាល់នូវការរួមចំណែកយ៉ាងសកម្មរបស់ប្រទេសវៀតណាមចំពោះអង្គការយូណេស្កូ និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការលើកកម្ពស់តួនាទីវប្បធម៌ និងការច្នៃប្រឌិតក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ការរួមបញ្ចូល និងភាពធន់។ ដោយបានប្រព្រឹត្តទៅនៅទីក្រុងប៉ារីសចាប់ពីថ្ងៃទី៧-១០ ខែកុម្ភៈ សម័យប្រជុំលើកទី១៦ នេះមានការចូលរួមពីគណៈប្រតិភូ និងអ្នកសង្កេតការណ៍ប្រមាណជិត ៤០០នាក់មកពីគ្រប់ប្រទេសជាសមាជិក និងប្រមាណជិត ១០០នាក់ផ្សេងទៀតមកបណ្តាប្រទេសផ្សេងៗ អង្គការអន្តរជាតិ និងអង្គការវប្បធម៌នានា។

នៅក្នុងព្រឹត្តិការណ៍នោះ បណ្តាប្រទេសជាសមាជិកបានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយ និងវិធានការជាក់ស្តែងរបស់ប្រទេសវៀតណាមដើម្បីបង្កើនប្រសិទ្ធភាពតួនាទីនៃវប្បធម៌ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចការពារ និងលើកកម្ពស់ភាពចម្រុះនៃការបញ្ចេញមតិវប្បធម៌ក្នុងបរិបទនៃវប្បធម៌ និងភាពច្នៃប្រឌិតដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺរាតត្បាត សកលភាវូបនីយកម្ម និងឌីជីថលភាវូបនីយកម្ម។ ពួកគេក៏បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសវៀតណាមក្នុងការអភិវឌ្ឍសន្ទស្សន៍វប្បធម៌ជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបណ្តាញទីក្រុងច្នៃប្រឌិតរបស់ខ្លួន៕

ប្រភព៖ ក្រសួងព័ត៌មាន