បរទេស៖ គ្រោះរញ្ជួយដីមួយមានកម្រិត ៥,៥រ៉ិចទ័របានវាយប្រហារឆ្នេរសមុទ្រភាគខាងជើងនៃខេត្តប៉ាពួនៃប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី៩ ខែកុម្ភៈ។
យោងតាមមជ្ឈមណ្ឌលរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) បានឱ្យដឹងថា ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះមានជម្រៅ ១០គីឡូម៉ែត្រ។
ទន្ទឹមនឹងនេះដែរ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ីបានប៉ាន់ប្រមាណថា គ្រោះរញ្ជួយដីកម្រិត ៥,៤រ៉ិចទ័រមួយបានវាយប្រហារនៅវេលាម៉ោងប្រហែល ១:២៨នាទីរសៀល (ម៉ោងក្នុងតំបន់) ដោយចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះនៅជម្រៅ ១០គីឡូម៉ែត្រ ស្ថិតនៅចម្ងាយ ១គីឡូម៉ែត្រពីភាគនិរតីនៃទីក្រុងចាយ៉ាពូរ៉ាដែលជារដ្ឋធានីនៃខេត្តប៉ាពួ។ គ្រោះរញ្ជួយដីនេះមិនបានបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិទេ៕
ប្រភព៖ ក្រសួងព័ត៌មាន