បរទេស៖ ធនាគារកណ្តាលថៃ (BOT) បានរាយការណ៍ថា សេដ្ឋកិច្ចថៃកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដោយសារការប្រែប្រួលជាសកល ប៉ុន្តែនៅតែស្ថិតនៅលើផ្លូវឆ្ពោះទៅរកការងើបឡើងវិញ។
ថ្វីបើមានផលប៉ះពាល់ទៅលើការនាំចេញរបស់ប្រទេសថៃដែលមានការធ្លាក់ចុះក៏ដោយ ក៏សេដ្ឋកិច្ចរបស់ប្រទេសនេះនឹងមាននិរន្តរភាពដោយសារការកើនឡើងនៃការប្រើប្រាស់ឯកជន និងទេសចរណ៍។
យោងតាមលោក សិទ្ធពុធ ស៊ុតធីវ៉ាត់ណារុពុធ ទេសាភិបាល BOT បានឱ្យដឹងថា ការដំឡើងអត្រាការប្រាក់បន្ថែមទៀតនឹងត្រូវបានគណនាជាបណ្តើរៗ ហើយ BOT បានត្រៀមខ្លួនរួចជាស្រេចដើម្បីកែសម្រួលប្រសិនបើមានការចាំបាច់។
លោកបានកត់សម្គាល់ថា សម្រាប់ប្រទេសថៃមិនដូចប្រទេសសេដ្ឋកិច្ចផ្សេងៗទៀតដែលមានការដំឡើងអត្រាការប្រាក់ដ៏គឃ្លើនមិនសមស្របដោយសារវានៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការងើបឡើងវិញ ហើយអតិផរណាកំពុងតែមានការធ្លាក់ចុះនោះទេ។
BOT មានបំណងធ្វើឱ្យអតិផរណាវិលត្រលប់ទៅរកជួរគោលដៅរបស់ខ្លួនពី ១-៣% វិញនៅឆមាសទីពីរនៃឆ្នាំ២០២៣ ដោយបានដំឡើងអត្រាការប្រាក់សំខាន់ៗរបស់ខ្លួនរួចហើយដោយចំនួន ៧៥ចំណុចមូលដ្ឋានចាប់តាំងពីខែសីហា ឆ្នាំ២០២២ មក។ លោក សិទ្ធពុធ បាននិយាយបន្ថែមថា ខណៈដែលអាចមានហានិភ័យនៅក្នុងទស្សនវិស័យកំណើននៅក្នុងឆ្នាំ២០២៣ ឱកាសគឺខ្ពស់ដែលកំណើននៅក្នុងប្រទេសនឹងនៅតែមានច្រើនជាង ៣% ។
ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា បំណុលគ្រួសារខ្ពស់អាចរំខានដល់សេដ្ឋកិច្ច ហើយចាំបាច់ត្រូវទម្លាក់ទៅកម្រិតប្រកបដោយនិរន្តរភាព។ បច្ចុប្បន្ននេះ BOT កំពុងព្យាករថា សេដ្ឋកិច្ចនឹងកើនឡើង ៣,៧% នៅក្នុងឆ្នាំ២០២៣៕
ប្រភព៖ ក្រសួងព័ត៌មាន