ក្រុមជួយសង្គ្រោះចិន និងតួកគី បានចំណាយពេលជាច្រើនម៉ោងដើម្បីជួយស្ត្រីមានផ្ទៃពោះម្នាក់ ដែលកប់នៅក្រោមគំនរបាក់បែកនៃអគារ

0

បរទេស៖ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាអស់រយៈពេលជាច្រើនម៉ោងដោយក្រុមជួយសង្គ្រោះចិន និងតួកគីមក ស្ត្រីមានផ្ទៃពោះម្នាក់ដែលកប់នៅក្រោមគំនរបាក់បែកនៃអគារបាក់រលំមួយត្រូវបានជួយសង្គ្រោះកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរយៈពេលបីថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រមួយបានវាយប្រហារតំបន់ភាគខាងត្បូងនៃប្រទេសតួកគី និងភាគខាងជើងនៃប្រទេសស៊ីរី។

លោក ហ្សៅ យ៉ាង អនុប្រធានក្រុមជួយសង្គ្រោះចិនបាននិយាយថា ស្ត្រីដែលត្រូវបានជួយសង្រ្គោះ ហើយបញ្ជូនទៅកាន់កន្លែងសុវត្ថិភាពកាលពីថ្ងៃព្រហស្បតិ៍នោះ ត្រូវបានរកឃើញដោយក្រុមអ្នកជួយសង្គ្រោះរបស់តួកគីនៅក្នុងអគារកម្ពស់ ៨ជាន់មួយកន្លែងនៅក្នុងទីក្រុងអានតាក់យ៉ានៃខេត្តហាតាយ ដែលជាតំបន់រងគ្រោះខ្លាំងបំផុតរបស់ប្រទេសនេះ។

លោក ហ្សៅ បាននិយាយថា លោក និងមិត្តរួមក្រុមការងាររបស់លោកបានទៅដល់កន្លែងកើតហេតុឱ្យបានលឿនតាមដែលអាចធ្វើទៅបាន បន្ទាប់ពីអ្នកជួយសង្គ្រោះក្នុងតំបន់បានភ្ជាប់ទំនាក់ទំនងជាមួយពួកគេ។ នៅពេលទៅដល់ ពួកគេបានវាយតម្លៃអំពីស្ថានភាព ហើយបន្ទាប់មកបានបង្កើតផែនការជួយសង្គ្រោះជាមួយដៃគូប្រទេសតួកគីរបស់ខ្លួន។

លោកបាននិយាយបន្ថែមថា ក្រុមការងារចិនក៏បានផ្តល់ដំបូន្មានប្រកបដោយវិជ្ជាជីវៈ និងផ្តល់ឧបករណ៍បច្ចេកទេសក្នុងអំឡុងពេលប្រតិបត្តិការជួយសង្គ្រោះនោះផងដែរ។

ក្រុមការងារនេះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិអាដាណាកាលពីថ្ងៃពុធ ហើយបានទៅដល់ទីក្រុងអាតាក់យ៉ា។

ដោយបានធ្វើការងារជាមួយបុគ្គលិកស្ថានទូតចិន និងអាជ្ញាធរមូលដ្ឋាន ក្រុមជួយសង្គ្រោះចិនបានបោះជំរុំនៅឯកីឡដ្ឋានហាតាយ ដោយបានសាងសង់កន្លែងសម្រាប់ទំនាក់ទំនង កន្លែងព្យាបាលវេជ្ជសាស្រ្ត និងកន្លែងស្នាក់នៅ ព្រមទាំងបានបញ្ជូនក្រុមស្វែងរកមនុស្សចំនួន ១៥នាក់ ដើម្បីចូលរួមប្រតិបត្តិការសង្គ្រោះក្នុងតំបន់។

ភាគីតួកគីបានសម្តែងការដឹងគុណចំពោះជំនួយរបស់ប្រទេសចិន និងបានសម្តែងការគាំទ្រចំពោះការងាររបស់ក្រុមជួយសង្គ្រោះចិន៕

ប្រភព៖ ក្រសួងព័ត៌មាន