ភ្នំពេញ៖ ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើទស្សនកិច្ចនៅសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន ក្នុងខេត្តសៀមរាប ដើម្បីឈ្វេងយល់ពីការងារបោសសម្អាតមីននៅកម្ពុជា និងពិនិត្យមើលគម្រោងសាងសង់អគារ សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន ដែលជាជំនួយរបស់ប្រទេសជប៉ុន។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា អគារនេះមានទំហំ៥០ម៉ែត្របួនជ្រុង ធ្វើឡើងមានរាងជាគ្រាប់មីន ដែលរដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ២ ៤៥៤លានយ៉េន ហើយមានតែមួយគត់នៅលើកពិភពលោក។
គោលបំណងនៃការបង្កើតអគារសារមន្ទីរ សន្តិភាពសកម្មភាពកំចាត់មីននេះ គឺដើម្បីធ្វើជាឃ្លាំងព័ត៌មាន ឯកសារ និងវត្ថុតាំងជាក់ស្តែង ដើម្បីឱ្យយុវជនជំនាន់ក្រោយៗ បានឈ្វេងយល់ពីផលលំបាក នៃសង្គ្រាម និងក្រោយសង្គ្រាម។
ឯកឧត្តម បានបន្តថា សារមន្ទីរនេះជាសារមន្ទីរស៊ីវិល បង្ហាញពីប្រជាពលរដ្ឋ ដែលបានទទួលរងគ្រោះថ្នាក់ដោយសារសង្គ្រាម និងប្រជាពលរដ្ឋដែលរស់នៅក្រោយសង្គម ថាតើពួកគាត់បានជួបនូវរឿងអ្វីខ្លះ? ពិបាក ឈឺចាប់បែបណា? និងរងការគំរាមគំហែងបែបណាដោយ សារគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ សកម្មភាពទាំងនេះមានអត្តន័យយ៉ាងធំធេង នឹងបញ្ជាក់ឱ្យឃើញពីតម្លៃនៃសន្តិភាព ជាពិសេសនោះ គឺអាចឱ្យយុវជនជំនាន់ក្រោយបានយល់កាន់តែច្បាស់ អំពីតម្លៃនៃសន្តិភាព ថាពិតជាមានតម្លៃមហាសាលសម្រាប់ប្រជាជនកម្ពុជា ដែលត្រូវថែរក្សាឱ្យគង់វង្សតរៀងទៅ។
ឯកឧត្តមអគ្គនាយកបានបញ្ជាក់ថា នៅក្នុងសារមន្ទីរនេះ នឹងមានបង្ហាញអំពីព្រឹត្តិការ ណ៍ជាច្រើន ដូចជា ដំបូងបង្ហាញពីប្រទេសកម្ពុជាមុនពេលមានសង្គ្រាម។ បន្ទាប់មកបង្ហាញពីសមរភូមិក្នុងសង្គ្រាម។ បន្ទាប់មកទៀតបង្ហាញពីសំណល់ជាតិផ្ទុះក្រោយសង្គ្រាម និងបង្ហាញពីកាកសំណល់ផ្សេងៗដែលយើងដោះបាន រួមទាំងអាវុធធុនស្រាល ដែលបង្កឱ្យមានគ្រោះថ្នាក់ រួមជាមួយរឿងរ៉ាវជាច្រើនទៀត។
ជាចុងក្រោយ គឺបង្ហាញពីសន្តិភាពនៅកម្ពុជា ដែលមានតែការសប្បាយរីករាយ ដើម្បីឱ្យយុវជនយើងចងចាំ និងថែរក្សាសន្តិភាពនៅកម្ពុជាយើងនេះ ឱ្យបានជារៀងរហូត៕
ប្រភព៖ ក្រសួងព័ត៌មាន