អ្នកស្លាប់ដោយសារការរញ្ជួយដីនៅតួកគី និងស៊ីរី បានកើនដល់ ១១០០០នាក់

0

បរទេស៖ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំងក្លាកាលពីថ្ងៃចន្ទនៅប្រទេសតួកគី និងស៊ីរីបានកើនលើសពី ១១.០០០នាក់ហើយ។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយអាជ្ញាធរ និងក្រុមអ្នកជួយសង្គ្រោះ។

ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អេដូហ្គែន បាននិយាយក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុតកាលពីថ្ងៃពុធថា មនុស្សសរុបចំនួន ៨.៥៧៤នាក់នៅក្នុងប្រទេសនេះបានស្លាប់ដោយសារការរញ្ជួយដីដ៏ធំមួយនេះ។

ក្រសួងសុខាភិបាលស៊ីរីបាននិយាយថា នៅក្នុងប្រទេសស៊ីរីមានមនុស្សយ៉ាងហោចណាស់ ១.២៥០នាក់បានស្លាប់ និង ២.០៥៤នាក់បានរងរបួស។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក៏បានដកស្រង់សម្តីពីក្រុមអ្នកជួយសង្គ្រោះដែលបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ១.២៨០នាក់ត្រូវបានសម្លាប់ និងជាង ២.៦០០នាក់បានរងរបួសនៅក្នុងតំបន់ដែលកាន់កាប់ដោយក្រុមប្រឆាំងនៅក្នុងប្រទេសស៊ីរី។

ក្រុមអ្នកជួយសង្រ្គោះកំពុងប្រជែងគ្នាជាមួយពេលវេលា និងភាពត្រជាក់ដ៏លំបាកដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតនៅឯតំបន់ការ៉ាម៉ាន់ម៉ារាស់ ដែលជាចំណុចកណ្តាលនៃការរញ្ជួយដីដ៏ធំមួយដែលបានវាយប្រហារប្រទេសតួកគី និងស៊ីរីកាលពីថ្ងៃចន្ទ និងបានសម្លាប់មនុស្សយ៉ាងច្រើន ។

លោក វ៉ាង ម៉ូ អនុប្រធានក្រុមសង្គ្រោះរបស់ចិនបាននិយាយថា «នៅពេលទៅដល់ ក្រុមការងារនឹងនាំយកឧបករណ៍រាវរកជីវិតអូឌីយ៉ូ និងវីដេអូ ឧបករណ៍វេជ្ជសាស្ត្រ និងសត្វឆ្កែជួយសង្គ្រោះទៅកាន់តំបន់រងគ្រោះមហន្តរាយ ហើយចាប់ផ្តើមការងារស្វែងរក និងជួយសង្គ្រោះភ្លាមៗ»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសស៊ីរីបាននិយាយថា ខណៈពេលដែលកំពុងដោះស្រាយគ្រោះមហន្តរាយរញ្ជួយដីនោះ ប្រជាជនស៊ីរីកំពុងជីកកកាយក្នុងចំណោមគំនរបាក់បែកដោយដៃទទេ ឬដោយប្រើឧបករណ៍សាមញ្ញបំផុត ដោយសារតែឧបករណ៍សម្រាប់យកកម្ទេចថ្មត្រូវបានហាមឃាត់ដោយសហរដ្ឋអាមេរិក៕

ប្រភព៖ ក្រសួងព័ត៌មាន