បរទេស៖ ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អេដូហ្គែន បានប្រកាសខេត្តចំនួន១០ របស់ប្រទេសតួកគីដែលរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីថាជាតំបន់គ្រោះមហន្តរាយ ហើយបានដាក់ប្រទេសក្នុងគ្រាអាសន្នតំបន់ទាំងនោះ។
លោក អេដូហ្គែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមទូរទស្សន៍កាលពីថ្ងៃអង្គារថា «យើងកំពុងប្រកាសខេត្តដែលរងផលប៉ះពាល់ដោយការរញ្ជួយដីថាជាតំបន់គ្រោះមហន្តរាយ។ សេចក្តីសម្រេចមួយនេះត្រូវបានធ្វើឡើងដើម្បីដាក់ប្រទេសក្នុងគ្រាអាសន្នទៅលើខេត្តទាំង១០ នេះសម្រាប់រយៈពេលបីខែ»។
មេដឹកនាំតួកគីបានចង្អុលបង្ហាញថា «វិធានការទាំងនេះត្រូវធ្វើទាំងបង្ខំ ដោយសារតែផលវិបាកនៃគ្រោះរញ្ជួយដី»។
លោកបាននិយាយថា ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននេះដើម្បីធានាថាប្រតិបត្តិការស្វែងរក និងសង្គ្រោះមានភាពរហ័ស និងមានប្រសិទ្ធភាព។
លោក អេដូហ្គែន បានសង្កត់ធ្ងន់ថា អំណាចរបស់លោកដោយយោងតាមរដ្ឋធម្មនុញ្ញ គឺមានភាពធំទូលាយគ្រប់គ្រាន់សម្រាប់ការសម្រេចក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្ននៅក្នុងតំបន់ដែលរងផលប៉ះពាល់៕
ប្រភព៖ ក្រសួងព័ត៌មាន