បរទេស៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃនៅថ្ងៃទី៩-១០ ខែកុម្ភៈ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោកត្រូវបានគេរំពឹងថានឹងមានកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុធ ចាន់អូចា នៅថ្ងៃទី៩ ខែកុម្ភៈ ដើម្បីពិភាក្សាអំពីវិធីពង្រីកពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ព្រំដែនថៃ-ម៉ាឡេស៊ី ជាពិសេសខេត្តចំនួន៥ នៅភាគខាងត្បូងនៃប្រទេសថៃ និងខេត្តចំនួន៤ នៅភាគខាងប្រទេសម៉ាឡេស៊ី។
ប្រទេសទាំងពីរសង្ឃឹមថា ការកាត់បន្ថយរបាំងនឹងជួយសម្រេចគោលដៅក្នុងការលើកកម្ពស់វិស័យពាណិជ្ជកម្មទ្វេភាគីឱ្យាបានដល់តម្លៃ ៣០ប៊ីលានដុល្លារអាម៉េរិកនៅត្រឹមឆ្នាំ២០២៥។
មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗមួយចំនួន ដូចជាវិស័យសេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាបៃតង និងឧស្សាហកម្មដែលមានសក្តានុពល ដូចជាកៅស៊ូ និងអាហារហាឡាលជាដើម។ ពួកគេក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅលើបញ្ហាក្នុងតំបន់ និងអន្តរជាតិផងដែរ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមថ្មីៗ និងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតកូវីដ១៩។
នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក អាន់វ៉ា ទៅកាន់ប្រទេសថៃ បន្ទាប់ពីលោកបានក្លាយជានាយករដ្ឋមន្ត្រីទី១០ របស់ប្រទេសម៉ាឡេស៊ីកាលពីខែវិច្ឆិកា ឆ្នាំមុន៕
ប្រភព៖ ក្រសួងព័ត៌មាន