បរទេស៖ លេខាធិការសារព័ត៌មានរបស់នាយករដ្ឋមន្រ្តីហុងគ្រី លោក បឺរតាលែន ហាវ៉ាស៊ី បាននិយាយថា នាយករដ្ឋមន្រ្តីហុងគ្រី លោក វីកតូរ អរប៊ែន បានជំរុញឱ្យបណ្តាមេដឹកនាំនៃសហភាពអឺរ៉ុប និងប្រទេសជាសមាជិករបស់ខ្លួន ចាប់ផ្តើមកិច្ចពិគ្រោះយោបល់សម្រាប់ការពិចារណាឡើងវិញនូវទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី។
នាយករដ្ឋមន្រ្តីហុងគ្រីបានចូលរួមក្នុងសន្និសីទសារព័ត៌មានតាមវីដេអូមួយជាមួយសហសេវិកអឺរ៉ុប ដែលជាផ្នែកមួយនៃការរៀបចំសម្រាប់កិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលនៅថ្ងៃទី៩-១០ ខែកុម្ភៈ។
លោក ហាវ៉ាស៊ី ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន MTI ដែលបាននិយាយថា «ទាក់ទងនឹងបញ្ហាអ៊ុយក្រែន លោក វីកតូរ អរប៊ែន បានអំពាវនាវម្តងទៀតឱ្យមានបទឈប់បាញ់គ្នាជាបន្ទាន់ និងកិច្ចពិភាក្សាដោយសន្តិវិធី ព្រមទាំងសម្រាប់ការជជែកពិភាក្សានយោបាយសំខាន់ៗទាក់ទងនឹងការដាក់ទណ្ឌកម្មដែលណែនាំដោយទីក្រុងប្រ៊ុចសែលដែលកំពុងបំផ្លាញសេដ្ឋកិច្ចអឺរ៉ុប»។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាលេស មីឈែល ប្រធានាប៊ុលហ្គារី និងនាយករដ្ឋមន្ត្រីនៃប្រទេសប៉ូឡូញ បែលហ្សិក ហ្វាំងឡង់ និងម៉ាល់តា បានចូលរួមក្នុងសន្និសីទសារព័ត៌មានតាមវីដេអូរួមគ្នាជាមួយលោក អរប៊ែន។ លោកបាននិយាយបន្ថែមថា កិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបនឹងពិភាក្សាអំពីជម្លោះនៅអ៊ុយក្រែន ស្ថានភាពនៅក្នុងសេដ្ឋកិច្ចអឺរ៉ុប និងការគ្រប់គ្រងការធ្វើចំណាកស្រុកខុសច្បាប់៕
ប្រភព៖ ក្រសួងព័ត៌មាន