បរទេស៖ គណៈកម្មាធិការជាតិស្តីពីគោលនយោបាយរថយន្តអគ្គីសនី (EV) របស់ប្រទេសថៃ ដែលត្រូវបានគេស្គាល់ថាជាក្រុមប្រឹក្សាភិបាលរថយន្តអគ្គីសនីបានយល់ព្រមជាគោលការណ៍ទៅលើសំណើដើម្បីបញ្ចុះពន្ធលើអាគុយសាកសម្រាប់រថយន្តអគ្គីសនីពី ៨% នាពេលបច្ចុប្បន្នមកនៅត្រឹមតែ ១% ខណៈដែលមានការផ្តល់ជូននូវថវិកាចំនួន ២៤ប៊ីលានបាត (៧៣០លានដុល្លារអាម៉េរិក) សម្រាប់ការឧបត្ថម្ភធនដល់ឧស្សាហកម្មផលិតអាគុយសាកសម្រាប់រថយន្តអគ្គីសនី។
រដ្ឋមន្ត្រីក្រសួងថាមពលថៃ លោក ស៊ូប៉ាត់តាណាពង្ស ពុនមីចៅ បាននិយាយថា ការឧបត្ថម្ភធននេះនឹងផ្អែកទៅលើមូលដ្ឋានដែលបានប្រើប្រាស់មុនគេ ដោយលោកបាននិយាយបន្ថែមថា ការឧបត្ថម្ភធនគួរតែជួយកាត់បន្ថយតម្លៃអាគុយសម្រាប់រថយន្តអគ្គីសនី និងយានយន្តអគ្គីសនីជារួម ដែលនឹងជួយជំរុញដល់ឧស្សាហកម្មផលិតរថយន្តអគ្គីសនីរបស់ប្រទេស។
លោក ស៊ូប៉ាត់តាណាពង្ស បាននិយាយថា ចំនួននៃការឧបត្ថម្ភធនដែលផ្តល់ជូននេះនឹងអាស្រ័យលើទំហំអាគុយដែលត្រូវបានផលិត។ លោកបានកត់សម្គាល់ថា ក្រុមហ៊ុនផលិតអាគុយសាកសម្រាប់រថយន្តអគ្គីសនីដែលមានសមត្ថភាពតិចជាង ៨ជីហ្គាវ៉ាត់ម៉ោង (GWh) នឹងទទួលបានប្រាក់ឧបត្ថម្ភធនចន្លោះពី ៤០០បាតទៅ ៦០០បាតក្នុង ១គីឡូវ៉ាត់ម៉ោង (kWh) ខណៈដែលរោងចក្រផលិតអាគុយសាកសម្រាប់រថយន្តអគ្គីសនីដែលមានសមត្ថភាពលើសពី ៨ជីហ្គាវ៉ាត់ម៉ោងនឹងទទួលបានចន្លោះពី ៦០០បាតទៅ ៨០០បាតក្នុង ១គីឡូវ៉ាត់ម៉ោង។
រដ្ឋាភិបាលថៃកំពុងពន្លឿនការអភិវឌ្ឍថាមពលកកើតឡើងវិញ សេដ្ឋកិច្ចបៃតង និងឧស្សាហកម្មរថយន្តអគ្គីសនីក្រោមគោលនយោបាយ 30@30 របស់ខ្លួន ដើម្បីលើកកម្ពស់ប្រទេសថៃជាមូលដ្ឋានផលិតកម្មរថយន្តអគ្គីសនីនៅក្នុងតំបន់អាស៊ាន។ គោលនយោបាយ 30@30 បានចែងថា ប្រទេសថៃត្រូវតែបង្កើនសមត្ថភាពផលិតយានយន្តគ្មានការបំភាយឧស្ម័ន ឬយានយន្តអគ្គីសនីឱ្យបាន ៣០% នៅត្រឹមឆ្នាំ២០៣០៕
ប្រភព៖ ក្រសួងព័ត៌មាន