បន្ទាយមានជ័យ ៖ ថ្ងៃអាទិត្យ ១៥ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បុរសម្នាក់គេប្រទះឃើញស្លាប់នៅវេលាម៉ោង០៥និង៣០នាទីទាបភ្លឺ ដោយធ្វើអត្តឃាតចង កសម្លាប់ខ្លួន នៅនឹងដើមព្រីង នៅត្រង់ចំណុចជិតលូតាមែន ក្នុងភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ៖ បុរសដែលបានធ្វើអត្តឃាតសម្លាប់ខ្លួនឈ្មោះ មឿន សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ មកស្នាក់នៅធ្វើការក្នុងរោងម៉ាស៊ីនកិនស្រូវរបស់ឈ្មោះ ហាប់ វិបុល ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ថា ៖ តាមការបំភ្លឺរបស់ឈ្មោះ គីម ស៊ីណាត ភេទប្រុស អាយុ ៣៥ ឆ្នាំ ជាអ្នកធ្វើការជាមួយគ្នាបានឲ្យដឹងថាប្រហែលកន្លះខែមុន ខ្លួនបានឮជនរងគ្រោះនិយាយទូរស័ព្ទជាមួយម្ដាយរបស់គាត់ថាគាត់បានឃើញឥសីមកហៅគាត់ឲ្យទៅនៅជាមួយ ហើយគាត់បាននិយាយប្រាប់ម្តាយទៀតថាគាត់ចង់ទៅបួស(សង្ស័យជនរងគ្រោះអាចមានបញ្ហាសរសៃប្រាសាទ)រហូតមកដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៥និង៣០នាទីទៀបភ្លឺ ទើបមានសមត្ថកិច្ចមកប្រាប់ថាឃើញឈ្មោះ មឿន សំណាង បានចងកសម្លាប់ខ្លួន នៅហ្នឹងដើមព្រីងហើយខ្ញុំបានទៅមើលគាត់បានស្លាប់បាត់ហើយ។
នគរបាលបានបញ្ជាក់បន្ថែមថា ៖ ក្រោយពីទទួលបានព័ត៌មានយើងបានបង្កើតគណៈកម្មការត្រួតពិនិត្យសពដែលមានសមាសភាព នគរបាលជំនាញ ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរប្រាសាទ បុគ្គលិកមណ្ឌលសុខភាពឃុំអូរប្រាសាទ អាជ្ញាធរឃុំ ភូមិ ។ ឆ្លងតាមការត្រួតពិនិត្យឃើញថា ឈ្មោះ មឿន សំណាង ពិតជាស្លាប់ដោយធ្វើអត្តឃាត ចង កសម្លាប់ខ្លួនពិតប្រាកដមែន ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ