កូរ៉េខាងជើង ព្រមានចំពោះការធ្វើសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង និងអាមេរិក

0

បរទេស៖ ប្រទេសកូរ៉េខាងជើង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងឆ្លើយតបដោយប្រតិកម្មដ៏តឹងតែងបំផុតចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិក ដើម្បីពង្រីកសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង ខណៈដែលប្រមុខការពារជាតិសហរដ្ឋអាមេរិកបានសន្យាថានឹងដាក់ពង្រាយយុទ្ធសាស្ត្របន្ថែមទៀតទៅកាន់ឧបទ្វីបកូរ៉េ ដើម្បីធានាការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់ខ្លួន។

ការព្រមានរបស់កូរ៉េខាងជើងខាងលើនេះ បានធ្វើឡើងនៅពេលដែលរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយដ៍ អូស្ទីន បានធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលកាលពីដើមសប្តាហ៍នេះ ដើម្បីពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង ហើយបាននិយាយថា នឹងមានការដាក់ពង្រាយយុទ្ធសាស្ត្របន្ថែមទៀត ដែលរួមមានទាំងយន្តហោះចម្បាំង F-22 និង F-35 ទៅកាន់ប្រទេសកូរ៉េខាងត្បូងដើម្បីទប់ស្កាត់ចំពោះការគំរាមកំហែងផ្នែកយោធារបស់កូរ៉េខាងជើង។

ក្រសួងការបរទេសរបស់ទីក្រុងព្យុងយ៉ាង បានអះអាងថា សហរដ្ឋអាមេរិកបាននិងកំពុងជំរុញឱ្យស្ថានភាពសន្តិសុខនៅលើឧបទ្វីបកូរ៉េឆ្ពោះទៅរកការឆ្លងកាត់ខ្សែបន្ទាត់ក្រហម ហើយកំពុងជំរុញឱ្យមានភាពតានតឹងបន្ថែមទៀត តាមរយៈសមយុទ្ធយោធារួមគ្នានៃទ្រង់ទ្រាយធំ និងវិសាលភាពជាមួយកូរ៉េខាងត្បូង។

ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសមួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ថា «នេះគឺជាការបញ្ចេញមតិដ៏រស់រវើកនៃសេណារីយ៉ូដ៏គ្រោះថ្នាក់របស់សហរដ្ឋអាមេរិក ដែលនឹងនាំឱ្យមានការប្រែក្លាយឧបទ្វីបកូរ៉េទៅជាឃ្លាំងអាវុធសង្រ្គាមដ៏ធំ និងជាតំបន់សង្រ្គាមដ៏ធ្ងន់ធ្ងរបន្ថែមទៀត»៕

ប្រភព៖ ក្រសួងព័ត៌មាន