បរទេស៖ ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អេដូហ្គែន បាននិយាយនៅក្នុងបទសម្ភាសន៍មួយតាមទូរទស្សន៍ TRT កាលពីថ្ងៃពុធថា ការផ្គត់ផ្គង់អាវុធរបស់លោកខាងលិច ដែលរួមមានទាំងរថក្រោះដល់ទីក្រុងគៀវនោះ នឹងមិននាំមកនូវដំណោះស្រាយចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែនទេ។
លោកបាននិយាយថា «ខ្ញុំមិនអាចនិយាយបានទេថា ខ្ញុំជឿជាក់ថាការបញ្ជូនរថក្រោះទាំងនោះ គឺជាជំហានឆ្ពោះទៅរកការដោះស្រាយបញ្ហាជម្លោះនៅអ៊ុយក្រែន។ យើងរំពឹងថា បណ្តាប្រទេសលោកខាងលិចនឹងគាំទ្រដល់ការអំពាវនាវរបស់យើងសម្រាប់កិច្ចចរចាររវាងអ៊ុយក្រែននិងរុស្ស៊ី»។
ដោយសំដៅទៅលើការបង្កើនការផ្គត់ផ្គង់អាវុធដល់ទីក្រុងគៀវ លោក អេដូហ្គែន បានសង្កត់ធ្ងន់ថា «ជំហានដ៏ប្រថុយប្រថាននេះនឹងទទួលបានផលចំណេញជាពិសេសសម្រាប់អ្នកផលិតអាវុធ»។
ទោះជាយ៉ាងណាក៏ដោយ អគ្គលេខាធិការអង្គការណាតូ លោក ជែនស៍ ស្តូលធែនបឺក បាននិយាយថា ការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែនអាចនឹងបង្កើតលក្ខខណ្ឌសម្រាប់ «ដំណោះស្រាយដោយសន្តិវិធី» នាពេលអនាគត។ កាលពីថ្ងៃទី២៥ ខែមករា សហរដ្ឋអាមេរិកបានសន្យាថានឹងបញ្ជូនរថក្រោះ M1 Abrams ចំនួន ៣១គ្រឿងទៅកាន់ទីក្រុងគៀវ។
នៅថ្ងៃដដែលនោះ ប្រទេសអាល្លឺម៉ង់បានបញ្ជាក់ថា ខ្លួននឹងបញ្ជុនរថក្រោះ Leopard 2A6 ចំនួន ១៤គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ហើយនឹងអនុញ្ញាតឱ្យប្រទេសផ្សេងទៀតនាំចេញរថក្រោះប្រយុទ្ធទាំងនេះឡើងវិញទៅកាន់អ៊ុយក្រែន។
យោងតាមរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក បូរីស ពីស្តូរុស បានឱ្យដឹងថា រថក្រោះ Leopard 2 នឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែននៅមុនដំណាច់ខែមីនា។ ប្រទេសន័រវេស ស្លូវ៉ាគី ចក្រភពអង់គ្លេស ប៉ូឡូញ និងបារាំង ក៏បានសន្យាផ្តល់រថក្រោះដែលផលិតដោយលោកខាងលិចដល់ទីក្រុងគៀវផងដែរ។
ទីក្រុងគៀវរំពឹងថានឹងទទួលបានរថក្រោះរហូតដល់ ១៤០គ្រឿងពីប្រទេសចំនួន១២ នៅក្នុងការបញ្ជូនលើកដំបូងនេះ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បាននិយាយថា ភាពតានតឹងជុំវិញស្ថានការណ៍នៅអ៊ុយក្រែនកំពុងតែមានការកើនឡើង ដោយសារតែការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន និងសម្ពាធរបស់សហរដ្ឋអាមេរិកទៅលើប្រទេសដទៃទៀត៕
ប្រភព៖ ក្រសួងព័ត៌មាន