ម៉ាឡេស៊ី សង្ឃឹមថាឆ្នាំ២០២៣នេះ នឹងមានភ្ញៀវទេសចរណ៍កើនឡើងជិត ៤ដង

0

បរទេស៖ ក្រុមហ៊ុនស្រាវជ្រាវ Kenanga របស់ប្រទេសម៉ាឡេស៊ីបានរំពឹងថា ការមកដល់របស់ភ្ញៀវទេសចរនៅក្នុងប្រទេសម៉ាឡេស៊ីនឹងកើនឡើងប្រមាណជិត ៤ដង ដែលឈានដល់ចំនួន ៩,៦លាននាក់នៅក្នុងឆ្នាំ២០២៣ ពីចំនួនប៉ាន់ស្មានចំនួន ២,៥លាននាក់កាលពីឆ្នាំមុន។

ក្រុមហ៊ុនស្រាវជ្រាវនោះបាននិយាយថា ការព្យាករនេះត្រូវបានគាំទ្រដោយការបន្តដំណើរអាជីវកម្ម និងការធ្វើដំណើរតាមផ្លូវអាកាសឡើងវិញជាសកល នៅពេលដែលជំងឺរាតត្បាតកូវីដ១៩ ឈានដល់ទីបញ្ចប់ ការលុបចោលនូវតម្រូវការធ្វើចត្តាឡីស័កពេលទៅដល់ និងការធ្វើតេស្តទាំងអស់នៅក្នុងប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ និងការបើកជាបណ្តើរៗឡើងវិញរបស់ប្រទេសចិន។

នៅក្នុងការសិក្សាមួយដែលបានចេញផ្សាយនៅថ្ងៃទី៣០ ខែមករា បានកត់សម្គាល់ថា ការបើកដំណើរការឡើងវិញជាបណ្តើរៗរបស់ប្រទេសចិនមានភាពវិជ្ជមានសម្រាប់ប្រទេសម៉ាឡេស៊ី ដែលភ្ញៀវទេសចរចិនមានចំនួនប្រមាណ ១២% នៃចំនួនភ្ញៀវទេសចរបរទេសសរុបនៅក្នុងប្រទេសម៉ាឡេស៊ី។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនស្រាវជ្រាវ MIDF បានកែសម្រួលការស្ទុះងើបឡើងវិញនៃចរាចរណ៍អ្នកដំណើរ FY23F របស់ខ្លួនចុះមកនៅត្រឹម ៨៥% ពីចំនួន ៩៥% កាលពីមុន ដោយសារតែការត្រឡប់មកវិញយឺតនៃប្រតិបត្តិការក្រុមហ៊ុនអាកាសចរណ៍ Malaysia AirAsia (MAA) ប៉ុន្តែវាត្រូវបានរំពឹងថានឹងមានកំណើនកាន់តែខ្លាំងចាប់ពីឆ្នាំ២០២៤ ទៅ ខណៈដែលក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកកំពុងប្រតិបត្តិការឡើងវិញ។

វាបាននិយាយថា ការស្ទុះងើបឡើងវិញនៃចរាចរណ៍អ្នកដំណើររបស់ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថានឹងត្រូវបានគាំទ្រជាចម្បងដោយការធ្វើឱ្យសកម្មឡើងវិញ ៥០% នៃយន្តហោះដែលនៅសល់របស់ក្រុមហ៊ុន MAA ដែលមិនទាន់ទទួលបានវិញ្ញាបនបត្របញ្ជាក់៕

ប្រភព៖ ក្រសួងព័ត៌មាន