ម៉ាឡេស៊ី និងសិង្ហបុរី បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីចំនួនបី

0

បរទេស៖ កាលពីថ្ងៃទី៣០ ខែមករា នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង និងសមភាគីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាមួយទៅលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីចំនួនបី ស្តីពីសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ការការពារទិន្នន័យផ្ទាល់ខ្លួន និងសន្តិសុខសាយប័រ។

លោក អាន់វ៉ា បានស្ថិតនៅក្នុងប្រទេសសិង្ហបុរីសម្រាប់ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់លោកទៅកាន់ប្រទេសនេះ ចាប់តាំងពីលោកចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទី១០ របស់ប្រទេសម៉ាឡេស៊ីពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ មក។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិរបស់ម៉ាឡេស៊ី និងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់សិង្ហបុរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរស្តីពីសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង។

កិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចបៃតង គឺជាកិច្ចព្រមព្រៀងសេដ្ឋកិច្ចបៃតងដំបូងរបស់ម៉ាឡេស៊ី ដែលត្រូវបានចុះហត្ថលេខាជាមួយប្រទេសដទៃ។

ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក៏ដូចជាក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងទាំងពីរ។

ទន្ទឹមនឹងនេះដែរ ក្រសួងទំនាក់ទំនង និងព័ត៌មានរបស់សិង្ហបុរី (MCI) និងក្រសួងទំនាក់ទំនង និងឌីជីថលរបស់ម៉ាឡេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ (MOU) ដែលអាចឱ្យពួកគេសហការគ្នាទៅលើបញ្ហាមួយចំនួន ដូចជាការការពារទិន្នន័យផ្ទាល់ខ្លួន ក៏ដូចជាសុវត្ថិភាពសាយប័រ។

MOU នោះត្រូវបានគេរំពឹងថានឹងជួយដល់អាជ្ញាធរនៃប្រទេសទាំងពីរក្នុងការផ្លាស់ប្តូរព័ត៌មាន ជំនាញ និងដំណោះស្រាយក្នុងគោលនយោបាយការពារទិន្នន័យ លំហូរទិន្នន័យឆ្លងព្រំដែន ក៏ដូចជាការដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខសាយប័រ និងបច្ចេកវិទ្យាដែលកំពុងមានការរីកចម្រើន ដូចជាបញ្ញាសិប្បនិមិត្តជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន