បរទេស៖ ប្រទេសចិននឹងបង្រួបបង្រួម និងពង្រីកសន្ទុះនៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ពន្លឿនការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ និងស្ថិរភាពពាណិជ្ជកម្មបរទេស និងការវិនិយោគ។ នេះបើយោងតាមសេចក្តីសម្រេចមួយដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រតិបត្តិក្រុមប្រឹក្សារដ្ឋដឹកនាំដោយនាយករដ្ឋមន្ត្រីចិន លោក លី កឺឈាំង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
ដោយបានកត់សម្គាល់អំពីនិន្នាការបន្តនៃការងើបឡើងវិញ និងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច កិច្ចប្រជុំបានសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការអនុវត្តសេចក្តីសម្រេចរបស់សន្និសីទការងារសេដ្ឋកិច្ចកណ្តាល និងផ្តោតសំខាន់ទៅលើការធានាស្ថិរភាពនៃកំណើនការងារ និងតម្លៃ ដើម្បីរក្សាដំណើរការសេដ្ឋកិច្ចសមស្របមួយ។
កិច្ចប្រជុំនោះបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសចិនចំពោះគោលនយោបាយជាតិជាមូលដ្ឋាននៃការបើកទូលាយ និងបានអំពាវនាវឱ្យមានវិធានការជាក់ស្តែងបន្ថែមទៀតដើម្បីរក្សាស្ថិរភាពពាណិជ្ជកម្មបរទេស។ កិច្ចខិតខំប្រឹងប្រែងនឹងត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់ការបន្តការតាំងពិពណ៌នៅក្នុងប្រទេស និងគាំទ្រសហគ្រាសឱ្យចូលរួមក្នុងការតាំងពិព័រណ៍នៅក្រៅប្រទេស។
គោលនយោបាយទាក់ទងនឹងការបង្វិលសងទៅលើការនាំចេញ ប្រាក់កម្ចីឥណទាន និងការធានារ៉ាប់រងឥណទានក្នុងចំណោមនោះនឹងត្រូវបានអនុវត្តដោយយកចិត្តទុកដាក់ ហើយអត្រាប្តូរប្រាក់ RMB នឹងត្រូវបានរក្សាទុកជាទូទៅក្នុងកម្រិតមួយដែលមានស្ថិរភាព និងមានតុល្យភាព។ សហគ្រាសនឹងត្រូវបានគាំទ្រដើម្បីស្វែងរកឱកាសទីផ្សារបន្ថែមទៀតដោយប្រើប្រាស់ឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។
លោក លី បាននិយាយថា «យើងត្រូវតែប្រើប្រាស់នូវគុណសម្បត្តិប្រកួតប្រជែងរបស់យើងឱ្យបានពេញលេញ ធ្វើឱ្យបរិយាកាសអាជីវកម្មរបស់យើងប្រសើរឡើង និងធ្វើឱ្យមានស្ថិរភាពពាណិជ្ជកម្មបរទេស និងការវិនិយោគមានការបើកចំហឱ្យកាន់តែទូលំទូលាយទៅកាន់ពិភពលោក។ ការបើកចំហរនោះ គឺជាផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេសចិន»៕
ប្រភព៖ ក្រសួងព័ត៌មាន