លោក ភែត្រ ប៉ាវេល ទទួលសម្លេងគាំទ្រ ៥៨,៣២% នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆេក

0

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន CTK បាននិយាយដោយដកស្រង់ពីការិយាល័យស្ថិតិឆេកថា សន្លឹកឆ្នោត ១០០%ត្រូវបានរាប់រួចរាល់ ហើយលោកឧត្តមសេនីយ៍ ភែត្រ ប៉ាវេល ដែលជាឧត្តមសេនីយ៍យោធាចូលនិវត្តន៍បានទទួលសំឡេងគាំទ្រចំនួន ៥៨,៣២% នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆេកដែលបានបញ្ចប់កាលពីថ្ងៃសៅរ៍។

លោក ប៉ាវេល បានទទួលការគាំទ្រពីអ្នកបោះឆ្នោតចំនួន ៣ ៣៥៨ ៩២៦នាក់នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍។ គូប្រជែងរបស់លោក គឺអតីតនាយករដ្ឋមន្ត្រីឆេក លោក អាន់ដ្រេជ បាប៊ីស បានទទួលសំឡេងគាំទ្រចំនួន ៤១,៦៧% ខណៈដែលប្រជាជនចំនួន ២ ៤០០ ២៧១នាក់បានបោះឆ្នោតឱ្យលោក។

ចំនួនអ្នកទៅបោះឆ្នោតមាន ៧០,២៥% ក្នុងចំណោមអ្នកបោះឆ្នោតសរុបចំនួន ៨,២៥លាននាក់ ដែលបានចុះឈ្មោះបោះឆ្នោតនៅក្នុងសាធារណរដ្ឋឆេក ដែលមានប្រជាជនប្រហែល ១០,៦លាននាក់៕

ប្រភព៖ ក្រសួងព័ត៌មាន