នេះហើយ អ្នកជំនាញឆបោក តាមហ្វេសប៊ុក ដោយប្រើប្រាស់គណនីក្លែងក្លាយ

0

បន្ទាយ​មាន​ជ័យ ៖ ថ្ងៃ​សៅរ៍ ៧ កើត ខែមាឃ ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៣ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ កងរាជអាវុធហត្ថ​ខេត្ត​រៀបចំ​សំណុំរឿង​ពី​បទ​នាំ​យក​ចេញ​ដោយ​មិន​ស្របច្បាប់​មាន​គោលដៅ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​ថ្ងៃ ទី​២៨ ខែមករា ឆ្នាំ​២០២៣ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បានឱ្យ​ដឹង​ថា ៖ ជនសង្ស័យ​ឈ្មោះ ហួត កើ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ​ចាម សញ្ជាតិ​ខ្មែរ មុខរបរ​ជាង​ធ្មេញ បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​ភូមិ​តា​ជ្រឹង ឃុំ​ច​ង្ហា ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។ វត្ថុ​តាង​ចាប់​បាន​រួម​មាន ៖ ម៉ូតូ ហុងដា សេរី​ឆ្នាំ​២០០៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1K-5715 មួយ​គ្រឿង​, ទូរស័ព្ទ​ដៃ​២​គ្រឿង​។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង បាន​បញ្ជាក់​ថា ៖ ដោយ​មាន​កិច្ចសហការ​ពី​បងប្រុស​របស់​ក្មេង​ស្រី​រង​គ្រោះ​នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៣ ជន​នេះ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស កង​រាជ​អាវុធ​ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​ក្នុង​ករណី ក្លែងបន្លំ​ហ្វេ​ស​ប៊ុ​ក ឆបោក និង​នាំ​យក​ចេញ​ដោយ​មិន​ស្របច្បាប់​មាន​គោលដៅ ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​០៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៣ នៅ​ចំណុច​បេនឡាន​ក្រុង​សិរី​សោភ័ណ ស្ថិត​នៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ផ្អែក​លើ​ពាក្យបណ្ដឹង​របស់​ឈ្មោះ ជា ភក្តី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ករណី​បាត់​ប្អូនស្រី​ឈ្មោះ ជ​.​ស្រ​.​ប អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​រន្ទះ ឃុំ​អង្គ​ប្រាសាទ ស្រុក​គិរីវង់ ខេត្តតាកែវ​។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង បានឱ្យ​ដឹង​ថា ៖ ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។ ក្រោយ​ឃាត់ខ្លួន និង​សួរ​ចម្លើយ ជនសង្ស័យ​បាន​សារភាព​ថា ៖ រូប​ខ្លួន​ពិតជា​បាន​ប្រើប្រាស់ គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ ឆបោក​ជន​រង​គ្រោះ ក្នុង​ចេតនា​មិនល្អ​លើ​ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ