ប្រទេស ៥នេះ ពិចារណាក្នុងការបង្កើតរូបិយប័ណ្ណរួមគ្នា

0

បរទេស៖ ប្រទេសប្រេស៊ីល រុស្សី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូងអាចនឹងស្វែងរកលទ្ធភាពនៃការបង្កើតរូបិយប័ណ្ណផ្ទាល់ខ្លួនរបស់ពួកគេក្នុងក្របខ័ណ្ឌនៃក្រុមប្រទេសប្រ៊ីកស៍ (BRICS) ដែលជាប្លុកសេដ្ឋកិច្ចក្រៅផ្លូវការដែលរួមមានប្រទេសទាំងនេះជាសមាជិក។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ បានលើកឡើងអំពីលទ្ធភាពក្នុងដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសអង់ហ្គោឡា ខណៈដែលលោកបានថ្លែងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតីអង់ហ្គោឡា លោក ចូអៅ លូរេនកូ។

លោក ឡាវរ៉ូវ បានពន្យល់ថា រូបិយបណ្ណ គឺជាតម្រូវការជាចាំបាច់ ដោយសារយន្តការដែលបង្កើត និងផ្សព្វផ្សាយដោយលោកខាងលិច ដូចជាភាពមិនអាចរំលោភបំពានបាននៃទ្រព្យសម្បត្តិ ការសន្មត់នៃភាពគ្មានកំហុស ការប្រកួតប្រជែងដោយយុត្តិធម៌ និងសកលភាវូបនីយកម្ម អាចត្រូវបានជាន់ឈ្លីនៅពេលណាមួយក៏បាន។

នេះជាមូលហេតុដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយបន្តថា មានការពិភាក្សាក្នុងចំណោមប្រទេសមកពីក្រុមប្រទេសប្រ៊ីកស៍ និងក្រុមប្រទេសសេឡាក់ (CELAC) (សហគមន៍នៃបណ្តារដ្ឋនៅអាមេរិកឡាទីន និងការីបៀន) អំពីការបង្កើតរូបិយប័ណ្ណថ្មីរបស់ពួកគេក្នុងក្របខ័ណ្ឌនៃប្លុកទាំងនេះ។

លោក ឡាវរ៉ូវ បាននិយាយថា «បញ្ហានេះនឹងត្រូវបានពិភាក្សាយ៉ាងពិតប្រាកដនៅឯកិច្ចប្រជុំកំពូលប្រ៊ីកស៍ ដែលនឹងប្រព្រឹត្តទៅនៅអាហ្វ្រិកខាងត្បូងក្នុងខែសីហា»។ លោកបាននិយាយបន្ថែមថា ភ្ញៀវជាន់ខ្ពស់មកពីបណ្តាប្រទេសនៅទ្វីបអាហ្វ្រិកដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនោះ រួមមានលោកប្រធានាធិបតី លូរេនកូ៕

ប្រភព៖ ក្រសួងព័ត៌មាន