អាឡឺម៉ង់ បញ្ជូនរថក្រោះ Leopard 2 ទៅកាន់ប្រទេសអ៊ុយក្រែន

0

បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក ស្តេហ្វេន ហេបេស្រ្តេត បាននិយាយកាលពីថ្ងៃពុធថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសអាល្លឺម៉ង់បានបញ្ជាក់ថា ខ្លួននឹងបញ្ជូនរថក្រោះប្រភេទ Leopard 2 ទៅកាន់ប្រទេសអ៊ុយក្រែន និងចេញលិខិតអនុញ្ញាតការនាំចេញឡើងវិញទៅកាន់ប្រទេសដទៃទៀត។

លោកបាននិយាយថា «រដ្ឋាភិបាលសហព័ន្ធបានសម្រេចផ្តល់ជូនកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននូវរថក្រោះប្រយុទ្ធប្រភេទ Leopard 2»។ លោក ហេបេស្រ្តេត បាននិយាយបន្ថែមថា «ប្រទេសអាល្លឺម៉ង់នឹងចេញលិខិតអនុញ្ញាតដល់បណ្តាប្រទេសជាដៃគូដែលចង់បញ្ជូនរថក្រោះប្រភេទ Leopard 2 ទៅកាន់អ៊ុយក្រែនពីទុនបម្រុងរបស់ពួកគេ»។

លោក ហេបេស្រ្តេត បាននិយាយថា «គោលបំណង គឺដើម្បីបង្កើតកងវរសេនាតូចរថក្រោះ Leopard 2A6 ចំនួនពីរឱ្យបានឆាប់សម្រាប់ប្រទេសអ៊ុយក្រែន។ សម្រាប់គោលបំណងនេះ នៅដំណាក់កាលដំបូង អាល្លឺម៉ង់នឹងផ្តល់រថក្រោះប្រភេទ Leopard 2A6 ចំនួន ១៤គ្រឿងពីទុនបម្រុង Bundeswehr ។ សម្រាប់ភាគីជាដៃគូអឺរ៉ុបផ្សេងទៀត ពួកគេនឹងផ្តល់រថក្រោះប្រភេទ Leopard 2A6 ផងដែរ។ ការបណ្តុះបណ្តាលនាវិកអ៊ុយក្រែននឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះក្នុងប្រទេសអាល្លឺម៉ង់។ កិច្ចព្រមព្រៀងនេះក៏ផ្តល់សម្រាប់ការដោះស្រាយបញ្ហាដឹកជញ្ជូន ការផ្តល់គ្រាប់រំសេវ និងការថែទាំផងដែរ»។

កាលពីថ្ងៃអង្គារ ទស្សនាវដ្តី Der Spiegel បានរាយការណ៍ពីសេចក្តីសម្រេចមួយនេះរបស់អធិការបតីអល្លឺម៉ង់ លោក អូឡាហ្វ ស្កូលហ្ស៍ ក្នុងការបញ្ជូនរថក្រោះទៅកាន់អាជ្ញាធរទីក្រុងគៀវ៕

ប្រភព៖ ក្រសួងព័ត៌មាន