បរទេស៖ ទិន្នន័យបានបង្ហាញកាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើងបានធ្លាក់ចុះយ៉ាងខ្លាំងនូវជំនួយមនុស្សធម៌ពីសហគមន៍អន្តរជាតិកាលពីឆ្នាំមុន ចំពេលដែលមានការបិទព្រំដែនដ៏យូរដោយសារតែជំងឺរាតត្បាតកូវីដ១៩។
សេវាតាមដានហិរញ្ញវត្ថុនៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានបង្ហាញថា ជំនួយដល់ទីក្រុងព្យុងយ៉ាងពីអង្គការអន្តរជាតិ និងទីភ្នាក់ងារផ្សេងទៀតកាលពីក្នុងឆ្នាំ២០២២ បានឈានដល់ប្រហែល ២,៣លានដុល្លារអាម៉េរិក ដែលធ្លាក់ចុះយ៉ាងខ្លាំងពីចំនួន ១៤លានដុល្លារអាម៉េរិកកាលពីមួយឆ្នាំមុន។
ការផ្តល់របស់ប្រទេសស្វីសសម្រាប់ប្រទេសផ្តាច់ការមួយនេះកាលពីឆ្នាំមុនតាមរយៈមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍស្វីសមានចំនួន ៦៩,៥ភាគរយនៃមូលនិធិសរុប ឬស្មើនឹង ១,៦លានដុល្លារអាម៉េរិក។
ប្រទេសស៊ុយអែតបានផ្តល់ជំនួយ ៥១៣ ៩២៧ដុល្លារអាម៉េរិកដល់កូរ៉េខាងជើងកាលពីឆ្នាំមុនតាមរយៈកាកបាទក្រហមស៊ុយអែត ខណៈដែលកាកបាទក្រហមន័រវេសនៅទីក្រុងអូស្លូបានចូលរួមចំណែកចំនួន ១៩៩ ៦០១ដុល្លារអាម៉េរិក។
ទិន្នន័យបានបង្ហាញថា ប្រទេសមួយចំនួនដែលរួមប្រទេសកាណាដា ហ្វាំងឡង់ បារាំង និងអាល្លឺម៉ង់ បានផ្តល់វិភាគទានដល់កូរ៉េខាងជើងកាលពីក្នុងឆ្នាំ២០២១ ប៉ុន្តែមិនបានផ្តល់ជំនួយណាមួយកាលពីឆ្នាំមុនទេ។
ប្រទេសស្វីសនឹងបរិច្ចាគជំនួយចំនួន ១,២លានដុល្លារអាម៉េរិកបន្ថែមទៀតតាមរយៈអង្គការយូនីសេហ្វនៅក្នុងឆ្នាំនេះសម្រាប់ «សេវាអាហារូបត្ថម្ភសំខាន់ៗ» នៅក្នុងប្រទេសក្រីក្រមួយនេះ។ នេះបើយោងតាមទិន្នន័យគិតត្រឹមថ្ងៃទី៤ ខែមករា ដែលបានបង្ហាញនៅលើគេហទំព័ររបស់អង្គការ OCHA៕
ប្រភព៖ ក្រសួងព័ត៌មាន