បរទេស៖ ប្រធានផ្នែកការទូតរបស់សហភាពអឺរ៉ុប លោក ចូសេប បូរេល បាននិយាយថា ប្លុកនេះបានយកឈ្នះទាំងស្រុងចំពោះការពឹងផ្អែកនៃវិស័យថាមពលរបស់ខ្លួនលើប្រទេសរុស្ស៊ីហើយ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន El Diario ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា «យើងមានពេលពីរបីខែទៀតក្នុងការលុបចោលទាំងស្រុងនូវការពឹងផ្អែកនៃវិស័យថាមពលទៅលើប្រទេសរុស្ស៊ីដែលយើងមានអស់រយៈពេលជាច្រើនឆ្នាំកន្លងមក»។
លោក បូរេល បាននិយាយប្រាប់កាសែតអេស្ប៉ាញនោះថា «យើងបានឆ្លងកាត់ដំណាក់កាលដ៏តានតឹងដែលមិនធម្មតាមួយនៃការកើនឡើងតម្លៃថាមពល»។ លោកបាននិយាយបន្ថែមថា «យើងជួបជាថ្មីម្តងទៀតហើយជាមួយនឹងតម្លៃមេហ្គាវ៉ាត់ម៉ោងរបស់ឧស្ម័ននៅតម្លៃដែលមានមុនពេលមានសង្រ្គាម ដែលតម្លៃនោះមានកម្រិតខ្ពស់រួចទៅហើយ។ ប៉ុន្តែការកើនឡើងដ៏ខ្លាំងកាលពីក្នុងខែសីហា ភាគច្រើនបណ្តាលមកពីភាពតានតឹងនៅក្នុងទីផ្សារ»។
លោក បូរេល បាននិយាយថា ភាពតានតឹងក្នុងទីផ្សារថាមពលមិនអាចត្រូវបានសន្មតថាជាស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនទៀតទេ។ លោកបានបញ្ជាក់ថា «វាជាបញ្ហារចនាសម្ព័ន្ធនៃវិស័យថាមពល និងជាពិសេសការជាប់ទាក់ទងគ្នារវាងតម្លៃឧស្ម័ន និងតម្លៃអគ្គិសនី»។ លោកសង្ឃឹម ថាគណៈកម្មការអឺរ៉ុបនឹងបង្ហាញសំណើកែតម្រូវស្ថានការណ៍ក្នុងពេលឆាប់ៗនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន